មកដល់ពេលនេះ រយៈពេល ១ សប្ដាហ៍ហើយ ដែលកម្មវិធី Miss Universe Cambodia បានរកឃើញនូវរាជិនីម្ចាស់មកុដថ្មី MUC 2025 ដែលបានទៅលើបវរកញ្ញាពេញដោយសមត្ថភាព រូបសម្រស់ និង ចំណេះដឹង គឺអ្នកនាង ថៃ នារីសុជាតា ហៅហ្វីយ៉ាតា។ រីឯចំពោះបវរកញ្ញាជើងខ្លាំង ២ រូបទៀត ដែលមានតំណែងជាលំដាប់រងទី ១ បានទៅលើកញ្ញា សុគា គឹមលាង និង លំដាប់រងទី ២ បានទៅលើកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី។
បើងាកចាប់អារម្មណ៍លើបវរកញ្ញាលំដាប់រងទី ១ នៃ MUC 2025 កញ្ញា សុគា គឹមលាង ដ្បិតតែមិនមានឱកាសក្លាយជាម្ចាស់ជ័យលាភីគ្រងមកុដ Miss Universe Cambodia 2025 មែន ប៉ុន្តែនាងក៏ឆក់បានក្ដីស្រឡាញ់ ការលើកទឹកចិត្ត និង សរសើរពីមហាជនជាច្រើនចំពោះសមត្ថភាពដ៏លេចធ្លោរបស់នាងក្នុងដំណើរការប្រកួត MUC នេះផងដែរ។
ដោយឡែក ក្រោយគ្រងតំណែងជាលំដាប់រងទី ១ MUC 2025 ប៉ុន្មានថ្ងៃមកនេះ លើបណ្ដាញសង្គមរបស់បវរកញ្ញា សុគា គឹមលាង ត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍ ឃើញថានាងបានចែករំលែកសារជាបន្តបន្ទាប់ជុំវិញតំណែងរបស់ខ្លួន ជាមួយនឹងក្រុមអ្នកគាំទ្រ និង មានមតិវែកញែកខ្លះៗទៀតផង។
ជាមួយគ្នានោះដែរ ក៏បានឃើញសារមួយទៀតដែលបវរកញ្ញា សុគា គឹមលាង សរសេរទៅកាន់បណ្ដាអ្នកគាំទ្ររបស់នាងជុំវិញរឿងមកុដ ដែលនាងថាទទួលស្គាល់ហើយការពិត ថានាងបានឈ្នះ គឺឈ្នះក្នុងចិត្តរបស់មហាជនខ្មែរទាំងក្នុងរហូតដល់ក្រៅប្រទេសទៀតផង។
សារនោះ សុគា គឹមលាង បានសរសេររៀបរាប់ថា ៖ «អ្នកទាំងអស់គ្នាអើយ ខ្ញុំទទួលស្គាល់ហើយការពិត ថាខ្ញុំបានឈ្នះ គឺឈ្នះក្នុងចិត្ត ក្នុងបេះដូងប្រជាជនខ្មែររហូតទៅដល់ក្រៅប្រទេសថែមទៀត ពិតជាមានមោទកភាពណាស់សម្រាប់បងប្អូនហ្វេនៗរបស់ខ្ញុំទាំងអស់គ្នា»៕