អ្នកគាំទ្រវិស័យបវរកញ្ញាដែលតាមដានកម្មវិធី Miss Cosmo Cambodia 2025 កន្លងមក ក្រៅពីចាប់អារម្មណ៍សរសើរពីរាជិនីម្ចាស់មកុដថ្មីប្រចាំឆ្នាំ ឃើញថាចំពោះលំដាប់រងទី ១ នៃ MCC 2025 កញ្ញា ប៊ី សុធារី ក៏មានភាពលេចធ្លោឆក់បានការគាំទ្រមិនធម្មតាដែរ។
ពិតណាស់ ដ្បិតតែប្រកួតជាប់ត្រឹមជ័យលាភីរងទី ១ MCC 2025 មែន តែកញ្ញា ប៊ី សុធារី ក៏នៅតែជាគ្រាប់ពេជ្រដ៏មានសមត្ថភាព ចំណេះដឹង និង ភាពលេចធ្លោក្នុងចិត្តមហាជនដែលស្រឡាញ់គាំទ្ររបស់នាង ព្រមទាំងកំពុងក្ដោបបានទីផ្សារការងារផ្សេងៗជាបន្តបន្ទាប់ ទាំងក្នុង និង ក្រៅប្រទេស មិនចាញ់ម្ចាស់មកុដប៉ុន្មានឡើយ។
ដោយឡែក មកដល់ថ្មីៗនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ភ្ញាក់ផ្អើល ខណៈបានឃើញការចែករំលែកពីកញ្ញា ប៊ី សុធារី បានឱ្យដឹងថាពេលនេះ នាងបានលុបចោលឈ្មោះតំណែងជាលំដាប់រងទី ១ នៃ Miss Cosmo Cambodia 2025 លើប្រូហ្វាល់ហ្វេសប៊ុកផេក ស្របពេលដែលនាងបានបង្ហើបពីដំណឹងវិលត្រឡប់ចូលប្រកួតលើវិស័យបវរកញ្ញាជាថ្មីទៀតផង។
ក្នុងនោះ លើហ្វេសប៊ុកផេករបស់កញ្ញា ប៊ី សុធារី បានបង្ហោះសារស្ទង់មតិរបស់មហាជន ដោយចង់ដឹងថាគាំទ្រឱ្យនាងវិលចូលប្រកួតដណ្ដើមមកុដម្ដងទៀត ឬយ៉ាងណានោះថា ៖ «What if #TB comeback? Will you still support us?»៕