មកដល់ពេលរយៈពេលជាង ៩ ឆ្នាំ មកហើយ បើគិតចាប់តាំងពីធ្វើជាសង្សារ និង ក្លាយជាស្វាមីភរិយានឹងគ្នារវាងអ្នកនាង ទេព បូព្រឹក្ស និង លោក ជី ដេវីត។ ក្នុងនោះ ក្រោយពីបានរៀបចំពិធីអាពាហ៍ពិពាហ៍យ៉ាងធំដុំកាលពីពាក់កណ្តាលឆ្នាំ ២០២៥ ហើយ អ្នកគាំទ្រកាន់តែសរសើរពីជីវិតដ៏មានសុភមង្គលរបស់ អ្នកនាង ទេព បូព្រឹក្ស និង លោក ជី ដេវីត កាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។
ជាការពិតណាស់ កន្លងមក អ្នកនាង ទេព បូព្រឹក្ស និង លោក ជី ដេវីត ធ្លាប់បានទម្លាយខ្លះៗមកហើយ ពីការចាប់ផ្តើមចំណងស្នេហ៍របស់អ្នកទាំង ២ ប៉ុន្តែថ្មីៗនេះ អ្នកនាង ទេព បូព្រឹក្ស បានបង្ហោះ MV ចាស់របស់ខ្លួនបទ «My សង្សារ» នៅលើផេកហ្វេសប៊ុក និង បានទម្លាយពីអតីតកាល កាលជំនាន់ញ៉ែគ្នាពេលយុវវ័យរវាងខ្លួន និង ស្វាមីជាថ្មីម្តងទៀត។
សារអមនឹងវីដេអូចម្រៀង «My សង្សារ» នេះដែរ អ្នកនាង ទេព បូព្រឹក្ស បង្ហោះឡើងធ្វើឱ្យអ្នកគាំទ្រអស់សំណើចបន្តិចដែរ ដោយអ្នកនាងរៀបរាប់ដូចទម្លាយខ្ទេចពីយុវវ័យរបស់ខ្លួន និង ស្វាមីថា៖ «កាលជំនាន់ញ៉ែគ្នា កាលនៅស្ទាវ! កាលនោះនាំប៉ាវឯង ហូបមីចិនរាល់ថ្ងៃ អស់លុយតិច»៕