គិតត្រឹមថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៥ នេះ គឺសល់ពេលប្រមាណត្រឹម ១០ ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានចូលដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដែលនឹងចូលមកដល់ថ្ងៃច័ន្ទ ២ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រឹស្តសករាជ ២០២៥ វេលាម៉ោង ០៤ និង ៤៨ នាទីទៀបភ្លឺ។
កៀកនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខិតជិតមកដល់នេះផងដែរ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំជិតរួចរាល់ហើយនូវព្រឹត្តិការណ៍សង្ក្រាន្តខេត្តកំពង់ធំ ក្នុងឱកាសឆ្នាំថ្មី ដែលគេឃើញមានពាងគំនូរជាច្រើនតម្រៀបជួរ ខ្លោងទ្វា និង ប្លង់ថតរូបដ៏ស្រស់ស្អាតជាច្រើន ពិសេសនោះគឺរូបតំណាងសត្វពស់ដ៏ធំ ដែលបានសង់ឡើងនៅកណ្ដាលស្ពានថ្មើរជើង នៃក្រុងស្ទឹងសែន ប្រកបទៅដោយភាពអង់អាច ប្រណីតដូចពិតៗតែម្ដង ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម។
គួរឱ្យដឹងផងដែរថា បើតាមការបញ្ជាក់ពីអភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន នាពេលកន្លងមកបានឱ្យដឹងថា ឆ្នាំនេះ ខេត្តកំពង់ធំ នឹងមានការរៀបចំ «សង្ក្រាន្តកំពង់ធំ» ឱ្យបានធំជាងឆ្នាំមុន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ងាកមកចាប់អារម្មណ៍ «សង្ក្រាន្តកំពង់ធំ» និង ចូលរួមទស្សនាកម្សាន្ត បង្កើតបានជាបរិយាកាសសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ដែលនឹងឈានមកដល់ក្នុងពេលខាងមុខនេះ៕
រូបភាព ៖ ខេត្តកំពង់ធំ និង Piseth