ថ្មីៗនេះ លើបណ្ដាញសង្គមមហាជនអ្នកគាំទ្ររបស់តារាសម្ដែងស្រី ខ្លឹម ស្រីគា បានផ្ទុះការចាប់អារម្មណ៍ភ្ញាក់ផ្អើលខ្លាំង ក្រោយពីបានឃើញតារាស្រីរូបនេះ បង្ហោះសារមួយយ៉ាងក្ដៅគគុកលើហ្វេសប៊ុក ទម្លាយពីអ្នកដឹកនាំថត និង ជំនួយការចរិតអន់ ដោយហាក់មានបញ្ហារឿងការងារថតសម្ដែងដែលគ្មានទំនួលខុសត្រូវ និង មើលងាយមិនឱ្យតម្លៃដល់នាង។
ក្នុងនោះ កញ្ញា ខ្លឹម ស្រីគា ក៏ពុំបាននិយាយបញ្ជាក់ច្បាស់ឱ្យដឹងថានាងនិយាយសំដៅដល់អ្នកណាឡើយ ដោយគ្រាន់តែបង្ហោះរៀបរាប់បន្តបន្ទាប់ថា ៖ «ចូលសិល្បៈ 8 ឆ្នាំមិនដែលប្រទះ ការងារជាមួយអ្នកដឹក និង ជំនួយការដឹកចរិតអន់បែបនឹងទេ (ស្អែកហែកកេរ្ដិ៍ឱ្យផ្អើលម្តង)» និង សារមួយទៀតបង្ហោះថា «កន្លែងណាមើលងាយ មិនឱ្យតម្លៃ ខ្ញុំមិនទៅជាន់ទៀតដាច់ខាត ការឈឺចាប់ខ្ញុំ អ្នកផ្សេងមើលមកធម្មតាតែខ្ញុំខុសពីគេ ហើយខ្ញុំជាតួ និយាយចេញហើយមិនខ្លាចថាប៉ះពាល់ធំ ឬគ្មានការងារថ្ងៃក្រោយ»។
លើសពីនេះ កញ្ញា ខ្លឹម ស្រីគា ក៏បានបង្ហើបបន្ថែមក្នុងខមមិនពីបញ្ហានេះទៀតថា ៖ «គេមិនហៅថតទៀតនឹងហា៎ ទុកចោល រង់ចាំ 13 ម៉ោង ដល់ម៉ោងទៅផ្ទះហ្មង អត់និយាយអីមួយមាត់»។ ក្រោយមក ខ្លឹម ស្រីគា ក៏ទទួលបានការសុំទោសពីក្រុមការងារ ហើយនាងក៏ហាក់សុខចិត្តបញ្ចប់រឿងព្រោះមិនចង់ឱ្យមានបញ្ហាកាន់តែវែងឆ្ងាយ៕