ថ្មីៗនេះ មហាជននៅតាមបណ្តាញសង្គមក្នុងប្រទេសថៃ កំពុងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងករណីរបស់ស្រ្តីម្នាក់ ដែលតស៊ូជាមួយនឹងពស់វែកយក្សទម្ងន់ជិត ៥ គីឡូ ទាល់តែបានរួចជីវិត។

តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីខាងលើនេះមានវ័យ ៤៧ ឆ្នាំ ហើយហេតុការណ៍បានកើតឡើងនៅព្រៃមួយកន្លែងនាខេត្តស្រះកែវ។ ស្រ្តីរូបនេះបានរៀបរាប់ថា ហេតុការណ៍បានកើតឡើងនៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ ដោយនាងបានចូលព្រៃទៅបេះផ្សិតជាមួយនឹងញាតិមិត្តចំនួន ៥ នាក់ ដែលក្នុងនោះមានមនុស្សចាស់ ៣ នាក់ និងក្មេងៗ ២ នាក់។ ខណៈកំពុងដើររកផ្សិត នាងក៏បានឃើញពស់វែកមួយយ៉ាងធំទម្ងន់ប្រហែល ៤.៧ គីឡូក្រាម ហើយនាងក៏និយាយថាឱ្យទៅចុះ ចែកផ្លួវគ្នារៀងខ្លួន នាងមិនប៉ះពាល់វាទេ ប៉ុន្តែសុខៗស្រាប់តែវាស្ទុះមកចឹកនាងតែម្តង ហើយនាងក៏បង្ខំចិត្តតស៊ូជាមួយវាវិញ ដោយបានយកដៃចាប់ក្បាលវាជាប់ ហើយហៅញាតិមិត្តឱ្យមកជួយវាយទាល់តែស្លាប់។

យ៉ាងណាមិញ នាងបានត្រូវរបួសត្រង់ជើង និង ជង្គង់ខាងឆ្វេង ដែលភ្លាមៗនាងក៏បានយកក្រណាត់ទៅរុំកន្លែងរបួសនោះដើម្បីកុំឱ្យពិសហូរទៅដល់បេះដូង ហើយក៏បានប្រើពេលរហូតដល់ទៅ ២ ម៉ោងទម្រាំតែដល់មន្ទីរពេទ្យ ជាសំណាងល្អខាងគ្រូពេទ្យក៏ជួយសង្រ្គោះបានសម្រេចមិនឱ្យនាងគ្រោះថ្នាក់ដល់ជីវិតឡើយ៕


ប្រភព៖ Kapook