នៅពីក្រោយស្នាមញញឹមជាមួយអាជីវកម្មកាន់កាប់ក្នុងដៃ ស្ត្រីខ្មែរមួយរូបបានឆ្លងកាត់នូវព្យុះភ្លៀង ការបាក់ទឹកចិត្ត និង ការមើលងាយច្រើនលើកច្រើនសារ ទម្រាំមានបានដូចថ្ងៃនេះ។ ស្ត្រីតស៊ូរូបនេះ មានឈ្មោះថា សោម រ៉ានី ដែលបច្ចុប្បន្ន ជាស្ថាបនិកហាងគ្រឿងអលង្ការ ហ្គ្រែន ដឹ ខាំបុចឆ៍ (Graines De Cambodge) ដែលជាគ្រឿងអលង្ការច្នៃពីគ្រាប់ឈើ និង ជាម្ចាស់វីឡាស្នាក់ដ៏ប្រណីតមួយ ទើបបង្កើតថ្មីលើទឹកដីខេត្តសៀមរាប នោះគឺ ALMaha Villa។

តាមរយៈអាជីវកម្មទាំងពីរខាងលើ លោកស្រី សោម រ៉ានី បានរួមចំណែកផ្តល់ឱកាសការងារជាច្រើន ដល់ស្ត្រីក្នុងសហគមន៍ ក៏ដូចជាអ្នករស់នៅក្នុងខេត្តសៀមរាប។ ក្រឡេកទៅខ្សែជីវិតមុនចាប់ផ្តើមអាជីវកម្ម ដែលផ្តើមពីរបរធ្វើគ្រឿងអលង្ការ លោកស្រីបានបង្ហើបប្រាប់ «ប្រជាប្រិយ» ថា៖ «ទម្រាំមកដល់ចំណុចនេះ ខ្ញុំបានឆ្លងកាត់នូវព្យុះភ្លៀង ការបាក់ទឹកចិត្ត ការមើលងាយច្រើនលើកច្រើនសារ ជាពិសេស គេថែមទាំងចោទខ្ញុំថា ជាមនុស្សឆ្កួត ដែលយកគ្រាប់ឈើមកធ្វើគ្រឿងអលង្ការ ហើយមានតែមនុស្សឆ្កួតទេ ដែលទិញគ្រឿងអលង្ការទាំងនេះ»។

រម្លឹកទៅឆ្នាំ ២០១១ ក្រោយចែកផ្លូវគ្នាពីស្វាមីនៅប្រទេសឥណ្ឌា លោកស្រី សោម រ៉ានី បានបង្ខំចិត្តត្រលប់មករស់នៅស្រុកខ្មែរវិញ ទាំងដែលខ្លួនគ្នាលុយសូម្បីមួយរៀល។ បែកបាក់ស្វាមីផង គ្មានលុយផង លោកស្រីត្រូវបានគ្រួសារមើលងាយ សាច់ញាតិមិនចង់រាប់រក ដែលជាហេតុត្រូវជម្នះរកលុយដោយខ្លួនឯង តាមរយៈគំនិតបង្កើតគ្រឿងអលង្ការគ្រាប់ឈើ។ គ្រានោះ លោកស្រីបានដើរទៅមាត់ស្ទឹងសៀមរាប រើសគ្រាប់ឈើដែលជ្រុះ ដូចជា គ្រាប់ក្ងោក គ្រាប់អំពិលទឹក និង គ្រាប់បេង ជាដើម មកចាក់ច្នៃធ្វើជាខ្សែកទៅតាមគំនិតច្នៃប្រឌិតរបស់ខ្លួន បូករួមតាមការធ្លាប់បានឃើញអ្នកព្រៃភ្នំពាក់កាលរស់នៅប្រទេសឥណ្ឌា។

ចាប់ផ្តើមពីខ្លួនមួយ ដំបូងលោកស្រីចាក់ខ្សែកលក់ឱ្យបរទេសម្តង ៤-៥ ខ្សែ បន្ទាប់មកការកុម្មង់ចេះតែកើនឡើង រហូតពីឆ្នាំក្រោយរកចំណូលបានគួរសម លោកស្រីក៏សម្រេចបង្កើតជាសិប្បកម្មផ្ទាល់ខ្លួន មានបុគ្គលិក មានជាហាងលក់គ្រឿងអលង្ការ ក្រោមផ្លាកយីហោ ហ្គ្រែន ដឹ ខាំបុចឆ៍ (Graines De Cambodge) ស្ថិតនៅម្តុំផ្សារចាស់ ក្រុងសៀមរាប។

ជាមួយសិប្បកម្មនេះ ក្រៅពីច្នៃគ្រាប់ឈើក្លាយជាគ្រឿងលម្អមានតម្លៃ លោកស្រីបានរួមចំណែកផ្តល់ឱកាសការងារដល់សហគមន៍ ដោយមិនចាំបាច់ចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។ ការដែលសំខាន់ គ្រាប់ឈើដែលជាវត្ថុធាតុដើម បង្កើតបានជាខ្សែដៃ ខ្សែក ក្រវិល ចិញ្ចៀន និង បិតលើវត្ថុអនុស្សាវរីយ៍ លោកស្រីតែងប្រមូលទិញក្នុងស្រុក ពោល ពីអ្នកភូមិក្នុងខេត្តសៀមរាប ឯខ្លះទៀតពីខេត្តបាត់ដំបង និង ខេត្តកែបជាដើម។

បោះជំហានមួយកម្រិតទៀត ថ្មីៗនេះ លោកស្រី សោម រ៉ានី បានឈានជើងទៅក្នុងវិស័យបដិសណ្ឋារកិច្ច ដោយបានសាងសង់វីឡាស្នាក់ដ៏ប្រណីតមួយ ក្រោមផ្លាកយីហោ ALMaha Villa សម្រាប់បម្រើដល់ទេសចរមកកម្សាន្ត ឬ សម្រាកលម្ហែនៅក្រុងសៀមរាប។ ភ្ជាប់មក ៥ បន្ទប់ ការរៀបចំគំនិត ឬ concept នៃវីឡានេះ គឺបានចាក់ឫសជ្រៅទៅនឹងការអបអរវប្បធម៌ និង បេតិកភណ្ឌខ្មែរ ហើយក៏រួមឆ្លុះបញ្ចាំងពីវប្បធម៌អារ៉ាប់ ដែលលោកស្រីទទួលបានបទពិសោធ ពេលកំពុងរស់នៅទីនោះ។


លោកស្រីបានធ្វើការផ្ទាល់ជាមួយបុគ្គលមានទេពកោសល្យនៅកម្ពុជា រាប់តាំងពីស្ថាបត្យករ អ្នកច្នៃម៉ូដ រហូតដល់សិប្បករ ដើម្បីបង្កើតកន្លែងស្នាក់មួយ បង្ហាញពីភាពសម្បូរបែបនៃសិល្បៈហត្ថកម្ម និង សម្រស់របស់ប្រទេសយើង។ លើសពីនេះ លោកស្រីបានដាក់បេះដូងក្នុងការរចនាគ្រឿងលម្អខាងក្នុងដោយផ្ទាល់ដៃ ដោយលាយបញ្ចូលគ្នានូវធាតុប្រពៃណីខ្មែរ និង គ្រឿងតុបតែង ដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ដ៏ល្អឯករបស់កម្ពុជា។



ជារួមមក ពីស្ត្រីគ្មានសូម្បីមួយរៀល រងការមើលងាយពីគ្រួសារ និង ត្រូវបានគេចោទថាមានគំនិតឆ្កួត ទីបំផុតបានតស៊ូផ្លាស់ប្តូរជីវិត រហូតមានអ្វីគ្រប់យ៉ាងដោយខ្លួនឯង ជាស្ត្រីឯករាជ្យ ជាស្ថាបនិក ជាសហគ្រិន ហើយថែមទាំងបានរួមចំណែកផ្តល់ឱកាសការងារដល់សហគមន៍ទៀតផង៕
