នៅរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ តារាចម្រៀងរ៉េប ទេព ពិសិដ្ឋ បានប្រកាសដំណឹងនៃការរៃអង្គាសថវិកាក្នុងមូលនិធិ ដែលលោកបានបង្កើតឡើងជាមួយនឹងមិត្តភក្តិ ដើម្បីជួយកងទ័ពកម្ពុជាកំពុងឈរជើងការពារទឹកដី និង ពលរដ្ឋដែលខ្វះខាតអំឡុងពេលភៀសខ្លួនដោយមានការចូលរួមយ៉ាងច្រើនពីសំណាក់មហាជន។

ក្នុងនោះដែរ គិតត្រឹមម៉ោង ២ រសៀល ពោលគឺរយៈពេលត្រឹមមួយម៉ោងនៃការរៃអង្គាសថវិកាក្នុងមូលនិធិជួយដល់បងប្អូនកងទ័ព និង បងប្អូនភៀសខ្លួនោះ គឺទទួលបានទឹកប្រាក់ប្រមាណជិត ៥០ លានរៀល។

លោក ទេព ពិសិដ្ឋ ក៏បានលម្អិតថា ៖ «ជម្រាបសួរពុកម៉ែបងប្អូន! ខាងក្រោមនេះជាមូលនិធិដែលខ្ញុំ និង បងប្អូនខ្មែរផ្សេងទៀត បានបង្កើតឡើងដើម្បីជួយដល់កងទ័ពខ្មែររាប់ម៉ឺននាក់ ដែលកំពុងការពារទឹកដី។ ជាពិសេសបងប្អូនជាពលរដ្ឋភៀសខ្លួន ដែលកំពុងត្រូវការជំនួយ។ សូមចូលរួមទាំងអស់គ្នា សាមគ្គីជាកម្លាំង ខ្មែរជួយខ្មែរហើយក៏សូមអរគុណបងប្អូន មូលនិធិយើងទើបបង្កើតបានត្រឹមរយៈពេល ១ម៉ោង មូលនិធិយើងប្រមូលបាន 48 400 000 ៛»៕


