ចំពោះសកម្មភាពសប្បុរសធម៌របស់លោក PeyPey Dy និង ប្ដីប្រពន្ធ Youtuber ដ៏ល្បី លោក ហេង វិសាល និង អ្នកនាង ជា ស្រីនា ឃើញថារយៈពេលជិត ២ សប្ដាហ៍កន្លងមកនេះ អ្នកទាំងបីបានបង្ហាញសកម្មភាពយ៉ាងសកម្មទាំងការប្រើសំឡេងផ្សព្វផ្សាយប្រឆាំងនឹងការឈ្លានពានពីប្រទេសថៃ និង ចំណាយទាំងកម្លាំងស្មារតី ថវិកាផ្ទាល់ខ្លួន ព្រមទាំងធ្វើជាមូលនិធិសម្រាប់ទ្រទ្រង់បងប្អូនភៀសសឹក និង វីរកងទ័ពជួរមុខតាមព្រំដែន។
ចំពោះថវិកាមូលនិធិទទួលបាននេះដែរ ទាំងខាងលោក Peypey Dy និង ខាងប្ដីប្រពន្ធ Youtuber មួយគូនេះ បានខ្នះខ្នែងខ្លាំងជាមួយក្រុមការងារ ដើម្បីចាត់ចែងរៀបចំជាស្បៀងអាហារ សម្ភារៈផ្សេងៗ ព្រមទាំងថវិកា ចុះទៅជួយដល់បងៗកងទ័ពជួរមុខ និង គ្រួសារភៀសសឹកតាមតំបន់នីមួយៗជាបន្តបន្ទាប់។ ក្រៅពីចែកជូនអំណោយដល់បងៗកងទ័ព និង គ្រួសារភៀសសឹក លោកក៏បានរៀបចំជាអំណោយ និង ថវិកា បន្តដំណើរទៅជួយគ្រួសារវីរកងទ័ពពលីផងដែរ។
យ៉ាងណាមិញ ស្របពេលចាត់ចែងថវិកាក្នុងមូលនិធី ព្រមទាំងថវិកាផ្ទាល់ខ្លួន ដោយបង្ហាញសកម្មភាពចុះជួយបងប្អូនសឹងគ្មានថ្ងៃសម្រាកនេះដែរ និយាយពីលោក Peypey Dy បានឃើញលោកបង្ហោះសារបកស្រាយ និង បញ្ជាក់អះអាងម្ដងហើយម្ដងទៀតជុំវិញការចាត់ចែងថវិការបស់សប្បុរសជនឱ្យមានប្រយោជន៍បំផុត ក្រោយទទួលរងពាក្យពេចន៍វែកញែកខ្លះពីមហាជនមួយចំនួនទាក់ទងនឹងការចាត់ចែកថវិកានេះ។ ចំពោះការវែកញែកចោទប្រកាន់នេះដែរ លោកក៏ធ្លាប់បង្ហាញអារម្មណ៍អស់ទឹកចិត្តនឹងបន្តបណ្ដើរជួយជំនួយនេះទៀត រហូតពោលថាមុខរកជំនួយលើកទី ១ មិនស្មានក្លាយជាអម្រែកដ៏ធ្ងន់រហូតធ្វើឱ្យលោករាងចាលហើយទៀតផង។
រីឯលោក ហេង វិសាល និង ស្រីនា វិញ ថ្មីៗកន្លងទៅនេះ ក៏ជួបរឿងរ៉ាវមិនខុសពីលោក Peypey Dy ដែរ ដោយត្រូវបានគេចោទប្រកាន់ទាក់ទងនឹងការចាត់ចែងមូលនិធិ និង មានអ្នកថាអ្នកទាំងពីរលួចស្បៀងទៀតផង រហូតធ្វើឱ្យប្ដីប្រពន្ធមួយគូនេះ ចេញបង្ហោះវីដេអូ និង សារបង្ហាញការខកចិត្តខ្លាំងរហូតប្រកាសអស់សង្ឃឹម និង ខ្លាចរាងចាលនឹងបន្តជួយទៀតដែរ។
ស្របពេលនេះដែរ លើបណ្ដាញសង្គមមហាជនកម្ពុជា អ្នកសិល្បៈ ក៏ដូចជាបុគ្គលល្បីៗជាច្រើន កំពុងចែករំលែកបង្ហាញការលើកទឹកចិត្តចំពោះលោក Peypey Dy, លោក ហេង វិសាល និង ជា ស្រីនា ព្រមទាំងបង្ហាញការទុកចិត្ត និង អរគុណគាំទ្រចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកទាំងបីឱ្យជួយជាតិមាតុភូមិបន្តទៀត៕