បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជាង ៥ ឆ្នាំ មកហើយ នៃដំណើរបេសកកម្មក្នុងការជួយដល់កុមារនៅក្នុងប្រទេសកម្ពុជា របស់លោក សាយ ស្ថាបនិក Run With Sai ទាំងផ្នែកសុខាភិបាល និង ផ្នែកអប់រំផងដែរ។ លើសពីនោះ កម្មវិធីរត់របស់លោក សាយ កន្លងមក ក៏បានបង្ហាញពីវប្បធម៌ អរិយធម៌ និង ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកទៀតផង។
យ៉ាងណាមិញ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ បេសកកម្មរបស់លោក សាយ ក្នុងព្រឹត្តិការណ៍នានាក្នុងកម្មវិធី Run With Sai ភាគច្រើនបានចាប់ផ្តើមរៀបចំនៅអំឡុងខែតុលា ពោលគឺនៅខែកំណើតរបស់លោកតែម្តង។
ជាក់ស្តែង កាលពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២៥ ដែលជាថ្ងៃកំណើតគម្រប់ខួប ៣៥ ឆ្នាំ លោក សាយ បានចាប់ផ្តើមបេសកកម្មថ្មីរបស់ខ្លួនទៀតហើយ ជាមួយនឹងមន្ទីរពេទ្យកុមារអង្គរ ក្នុងយុទ្ធនាការ «រួមគ្នាជួយសង្គ្រោះកុមារមានជំងឺមហារីក» ចាប់ពីថ្ងៃទី ០៦ ដល់ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ ខាងមុខនេះ។
ក្នុងយុទ្ធនាការ «រួមគ្នាជួយសង្គ្រោះកុមារមានជំងឺមហារីក» នេះដែរ គឺរៀបចំឡើងក្នុងគោលបំណងធំៗចំនួន ៣ រួមមាន៖
១. បង្កើនការយល់ដឹងជាសាធារណៈអំពីជំងឺមហារីកកុមារនៅក្នុងប្រទេសកម្ពុជា រួមមានដូចជា រោគសញ្ញា ការព្យាបាល និងការជួយសង្រ្គោះឲ្យទាន់ពេលវេលា។
២. គាំទ្រ និងអនុវត្តតាម «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០» របស់ប្រទេសកម្ពុជា សម្រាប់តម្រង់កិច្ចខិតខំប្រឹងប្រែងក្នុងការការពារ ការធ្វើរោគវិនិច្ឆ័យជំងឺទាន់ពេលវេលា ការព្យាបាល និងការថែទាំប្រកបដោយប្រសិទ្ធភាពលើកុមារទាំងអស់នៅទូទាំងប្រទេស។
៣. រៃអង្គាសថវិកា ដើម្បីបំពេញនូវកង្វះខាតថវិកាមន្ទីរពេទ្យកុមារអង្គរចំនួន ២០០ ០០០ ដុល្លារអាមេរិក ដែលអាចប៉ះពាល់ដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីបន្តផ្តល់ការព្យាបាល និង ថែទាំសង្គ្រោះអាយុជីវិតរហូតដល់ដំណាច់ឆ្នាំនេះ។
លើសពីនោះ ក្នុងយុទ្ធនាការខាងលើនេះ មន្ទីរពេទ្យកុមារអង្គរបានតែងតាំង លោក សាយ និង ឌីជេ ណាណា គឺជាទូតសុឆន្ទៈនៃយុទ្ធនាការ «រួមគ្នាជួយសង្គ្រោះកុមារមានជំងឺមហារីក» ផងដែរ៕