កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅនេះ មហាជន ជាពិសេស មិត្តក្នុងសិល្បៈជាច្រើនបានបង្ហាញការសោកស្តាយយ៉ាងខ្លាំង នៃការបាត់បង់ធនធានមនុស្សដ៏ល្អក្នុងវិស័យសិល្បៈបុរាណខ្មែរ គឺលោក ឈឺន ឃីម ហៅលោក ណាឃីម ដែលបានទទួលមរណភាពដោយសាររោគាពាធ។
ក្នុងនោះដែរ សពរបស់លោក ណាឃីម បានបញ្ជូនពីមន្ទីរពេទ្យវៀតណាម មកកាន់ស្រុកកំណើត និង ធ្វើពិធីបុណ្យតាមប្រពៃណីនៅស្រុកកំណើតនាទីរួមខេត្តកំពង់ស្ពឺ។
អ្នកនាង ខាត់ សួស្តី ដែលជាសិល្បករបុរាណខ្មែរ និង អាចចាត់ទុកជាបងស្រីរបស់លោក ណាឃីម ម្នាក់ បានបង្ហាញអារម្មណ៍មិនទាន់ទទួលយកបាននៅឡើយ ខណៈប្អូនប្រុសដ៏ល្អមួយរូបបានលាចាកលោកទាំងវ័យក្មេង។ ក្នុងនោះ អ្នកនាង ខាត់ សួស្តី បានរៀបរាប់យ៉ាងស្រណោះថា ៖ «បាត់សមាជិកម្នាក់ទៀហើយ មិនគួរឱ្យជឿមួយប៉ប្រិចភ្នែក» លើសពីនេះ អ្នកនាងក៏បានបង្ហោះសារបន្តបន្ទាប់ បង្ហាញពីការសោកសៅចំពោះការបាត់បង់ប្អូនប្រុសដ៏ល្អម្នាក់ដែលជាសមាជិកនៅក្នុងវង់តន្រ្តីបុរាណផងដែរ៕