ពិតណាស់ កម្មវិធី Miss Supranational Cambodia ឆ្នាំ ២០២៤ គឺពុំបានរៀបចំការប្រកួតលើឆាកឡើយ ដោយការជ្រើសរើសម្ចាស់មកុដប្រចាំឆ្នាំកាលពីដើមឆ្នាំ ២០២៤ កន្លងទៅ គឺតាមរយៈការសម្ភាសបេក្ខភាពនីមួយៗ និង ធ្វើការប្រកាសជាផ្លូវការនូវម្ចាស់មកុដថ្មី ដែលបានទៅលើតារាសម្ដែងស្រី ឈុំ ចាន់ដារ៉ា ជាបេក្ខភាពមានទាំងសម្រស់ និង ចំណេះដឹង។
ក្រោយពីទទួលតំណែងជា Miss Supranational Cambodia 2024 កញ្ញា ឈុំ ចាន់ដារ៉ា ក៏ត្រូវតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Supranational 2024 នៅពាក់កណ្ដាលខែមិថុនា ឆ្នាំ ២០២៤ ប៉ុន្តែអំឡុងពេលនោះ នាងក៏បានខកខានវិញ ខណៈមានការយឺតយ៉ាវនៃការទទួលបានទិដ្ឋាការ ឬវីសាសម្រាប់ធ្វើដំណើរទៅប្រកួតនៅប្រទេសប៉ូឡូញ ដោយស្ថាប័នក៏សម្រេចមិនបញ្ជូនបវរកញ្ញារូបនេះទៅតែម្ដង។
ដោយឡែក បន្ទាប់ខកខានឱកាសតំណាងកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិក្នុងនាមជា Miss Supranational Cambodia 2024 ស្រាប់តែថ្មីៗនេះ កញ្ញា ឈុំ ចាន់ដារ៉ា បានធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះចាប់អារម្មណ៍ភ្ញាក់ផ្អើលជាថ្មី ក្រោយពីបានឃើញវត្តមានរបស់នាងដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធីដដែលនេះ ដើម្បីដណ្ដើមមកុដប្រចាំឆ្នាំ ២០២៥ ម្ដងទៀត។
ដំណឹងនេះដែរ កំពុងត្រូវបានមហាជនអ្នកគាំទ្ររបស់កញ្ញា ឈុំ ចាន់ដារ៉ា ផ្ទុះការចែករំលែក និង បង្ហាញការគាំទ្រលើកទឹកចិត្តយ៉ាងពេញទំហឹង ដោយរំភើបចិត្តចំពោះការវិលត្រឡប់ជាថ្មីរបស់នាងក្នុងការប្រកួតដណ្ដើមមកុដម្ដងទៀតក្នុងកម្មវិធី Miss Supranational Cambodia 2025 នេះ៕