កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅនេះ នាយកដ្ឋានបុរាណវិទ្យា និងសារមន្ទីជាតិនៃប្រទេសមីយ៉ាន់ម៉ា បានទម្លាយឱ្យដឹងពីការរកឃើញគ្រឹះនៃជណ្តើររបស់ព្រះដំណាក់ទឹក នៅក្នុងក្រុងបុរាណ Yadanarpur, Ava នាទីក្រុង Mandalay បន្ទាប់ពីការរញ្ជួយដីកម្រិត ៨.២ វិចទ័រក្នុងប្រទេស កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ។

តាមព័ត៌មានបានឱ្យដឹងថា ព្រះរាជដំណាក់នេះត្រូវបានសាងសង់ឡើងនៅ Thanlyin ក្នុងរជ្ជកាលរបស់ព្រះបាទ (Hsinbyushin) ឬ King Mangra And Sagay រាជវង្ស Konbaung នាជ្រុងឦសាននៃកំពែងក្រុង Ava។ ក្នុងប្រវត្តិសាស្ត្រមីយ៉ាន់ម៉ា គេបានឱ្យដឹងថា ព្រះរាជដំណាក់ទឹកគឺជាសំណង់ដ៏សំខាន់របស់ស្តេចសោយរាជ្យនៅសម័យនោះ ដែលប្រើជាកន្លែងសម្រាប់ពិធីលាងព្រះសិរសា ពិធីងូតទឹក និងពិធីងូតទឹកមន្តជាដើម។

តាមពិតទៅកាលពីឆ្នាំ ២០០៩ កន្លងទៅអ្នកស្រុកបានប្រទះជណ្តើរខាងត្បូងនៃព្រះរាជដំណាក់នេះមុនគេ ប៉ុន្តែអ្នកបុរាណវិទ្យាមិនទាន់បានចុះទៅសិក្សា លុះមកដល់ឆ្នាំ ២០២៥ នេះ ក្រោយពីមានការរញ្ជួយដីធ្ងន់ធ្ងរ ក៏ធ្វើឱ្យមានការប្រេះបែកស្រទាប់ដី ដែលអាចមើលឃើញកាន់តែច្បាស់នូវជណ្តើរដែលនៅសេសសល់ ហើយបន្ទាប់ពីនេះខាងនាយកដ្ឋានបុរាណវិទ្យានឹងធ្វើការជីកកកាយ និងស្រាវជ្រាវបន្ថែមទៀត ដើម្បីអភិរក្ស និងរៀបចំឱ្យសាធារណជនបានសិក្សា៕




ប្រភព៖ Kapook