នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ នេះ ក្រុមហ៊ុន Kofi បានចេញលិខិតសូមអភ័យទោស ដែលថ្នាក់ដឹកនាំក្រុមហ៊ុនខូហ្វី បានទទួលស្គាល់កំហុស និង ធ្វើការសុំទោស ជាសាធារណៈ ចំពោះកំហុសឆ្គង ទាក់ទងទៅនឹងផលិតផលទឹកដោះគោផ្អែមខូហ្វី (KOFI SWEETENED MILK)។
តាមរយៈលិខិតសូមអភ័យទោសជាផ្លូវការ បានឱ្យដឹងថា ៖ «បន្ទាប់ពីទទួលបានការណែនាំពី អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មទាក់ទងនឹងការប្រើប្រាស់បាកូដ (BARCODE) យើងខ្ញុំពិតជាសោកស្តាយជាពន់ពេក ក្នុងនាមជាកូនខ្មែរ ក្រុមហ៊ុនខ្មែរ យើងខ្ញុំមានតែលើកម្រាមដៃដប់សូមការអភ័យទោសពីសំណាក់ពុកម៉ែ បងប្អូនយើង ទាំងអស់ ហើយយើងខ្ញុំនឹងទទួលខុសត្រូវយ៉ាងពេញទំហឹង។
ជាថ្មីម្តងទៀតយើងខ្ញុំសូមអរគុណ ដល់អគ្គនាយកដ្ឋាន ក.ប.ប. ដែលបានជួយណែនាំ និង សូមទទួលអនុវត្តទាំងស្រុងនូវចំណាត់ការ ទាំងឡាយដែលអគ្គនាយកដ្ឋានបានដាក់ចេញមកលើក្រុមហ៊ុន។ ខ្មែរយើងតែមួយ យើងខ្ញុំទាំងអស់គ្នាមានតែសូមការយោគយល់ និងអធ្យាស្រ័យពីពុកម៉ែបងប្អូន ទាំងអស់ និងសង្ឃឹមថាពុកម៉ែបងប្អូនបើកចិត្តទូលាយ និងផ្តល់ឱកាសឱ្យក្រុមហ៊ុនកូនខ្មែរមួយនេះ អាចបន្តចូលរួមជួយជាតិក្នុងការកសាងកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ»៕