ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គាំទ្រក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងការអភិវឌ្ឍកម្លាំងពលកម្ម បរិយាបន្នហិរញ្ញវត្ថុ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា

Share This

ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥៖ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលជាក្រុមហ៊ុនពហុផលិតផលដ៏ធំ និងមានការវិនិយោគចម្រុះឈានមុខគេនៅកម្ពុជា បានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីជំរុញការអភិវឌ្ឍកម្លាំងពលកម្ម លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជាបង្កើនឱកាសការងារដល់ប្រជាជនខ្មែរទូទាំងប្រទេស។

ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងនៅអគារ ធនាគារ វីង ថៅវើ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ ភាពជាដៃគូនេះ គឺជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការជួយពង្រឹងសមត្ថភាពកម្លាំងពលកម្មកម្ពុជា និងធ្វើការរួមគ្នាឱ្យកាន់តែជិតស្និទ្ធរវាងគោលនយោបាយរដ្ឋាភិបាល និងគំនិតច្នៃប្រឌិតថ្មីៗរបស់វិស័យឯកជន។

ឯកឧត្តម ហេង សួរ បានសង្កត់ធ្ងន់ពីសារៈសំខាន់រយៈពេលវែងនៃកិច្ចសហការនេះថា៖ «ភាពជាដៃគូនេះគូសបញ្ជាក់យ៉ាងច្បាស់ថា វិស័យឯកជនអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងកម្លាំងពលកម្មដែលមានសមត្ថភាព និងអាចសម្របខ្លួនបានទៅតាមតម្រូវការការងារជាក់ស្តែង។ តាមរយៈការធ្វើការរួមគ្នានេះ យើងមិនត្រឹមតែអភិវឌ្ឍកម្លាំងពលកម្មដើម្បីឆ្លើយតបនឹងតម្រូវការនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ តែក៏ជាការកសាងគ្រឹះសម្រាប់អនាគតដ៏រីកចម្រើនរបស់កម្ពុជាផងដែរ។»

ភាពជាដៃគូនេះកើតឡើងចំពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយ។ ដ្បិតថាកំណើនសេដ្ឋកិច្ចនៅតែមានស្ថិរភាព ប្រទេសកម្ពុជាក៏កំពុងប្រឈមមុខនឹងសម្ពាធកើនឡើងពីការរំខាននៃពាណិជ្ជកម្មក្នុងតំបន់ បន្ទាប់ពីភាពតានតឹងនាពេលថ្មីៗនេះជាមួយប្រទេសថៃ ដោយបានបង្កផលប៉ះពាល់ដល់ពាណិជ្ជកម្មឆ្លងប្រទេស ហើយខ្សែសង្វាក់ផ្គត់​ផ្គង់​មានការរអាក់រអួល។ ទន្ទឹមនឹងនេះ ការប្រកួតប្រជែងជាសកល និងបរិវត្តកម្ម ឌីជីថលយ៉ាងឆាប់រហ័ស កំពុងធ្វើឱ្យទីផ្សារ​ការងារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានការវិវត្តគួរឱ្យកត់សម្គាល់ផងដែរ។ យ៉ាងនេះក្តី ឧបសគ្គទាំងនេះក៏បានផ្តល់ឱកាស​ថ្មីៗផងដែរ ពោលគឺតាមរយៈការវិនិយោគលើការបណ្តុះបណ្តាលជំនាញ នវានុវត្តន៍ និងការជំរុញកំណើ​បរិយាបន្ន​ហិរញ្ញវត្ថុ កម្ពុជាអាចពង្រឹងភាពធន់របស់ខ្លួន ទាក់ទាញការ វិនិយោគ ក៏ដូចជាពង្រឹងកម្លាំងពលកម្មរបស់ខ្លួនឱ្យមានសមត្ថភាព​ប្រកួតប្រជែងទាំងក្នុងកម្រិតតំបន់ និងសកលលោក។

អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ភាពជាដៃគូនេះគឺជាការបើកទំព័រថ្មីមួយនៃកិច្ច សហការរវាងក្រុមហ៊ុនឯកជន និងរដ្ឋ។ អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា៖ «ចក្ខុវិស័យរបស់យើងមិនត្រឹមតែបង្កើតឱកាសការងារប៉ុណ្ណោះទេ តែយើងខិតខំធ្វើយ៉ាងណារួមចំណែកកសាងអនាគតកម្ពុជាឱ្យកាន់តែភ្លឺស្វាង។ តាមរយៈការរួមបញ្ចូលគ្នានូវភាពខ្លាំងរវាងរដ្ឋ និងឯកជន យើងកំពុងវិនិយោគលើធនធានមនុស្ស បំពាក់បំប៉ននូវជំនាញ និងមធ្យោបាយចាំបាច់ដើម្បីជោគជ័យក្នុងយុគសម័យឌីជីថល និងជួយឱ្យប្រទេសរីកចម្រើនប្រកបដោយបរិយាបន្ន។»

តាមរយៈការចុះអនុស្សរណៈនៃការយោគយល់នេះ ស្ថាប័នទាំងពីរនឹងសហការគ្នាលើសសរស្តម្ភយុទ្ធសាស្ត្រ ចំនួន ៤ រួមមាន៖ ការលើកកម្ពស់កិច្ចសហការប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋ និងឯកជន ការជំរុញបរិយាបន្នហិរញ្ញវត្ថុ ការបង្កើតឱកាសការងារដល់ប្រជាជនកម្ពុជា ព្រមទាំងកែលម្អការអប់រំសម្រាប់អភិវឌ្ឍកម្លាំងពលកម្ម ក្នុងគោលដៅបណ្តុះបណ្តាលកម្លាំងពលកម្មអាចប្រកួតប្រជែងប្រកបដោយភាពស្វាហាប់ និងត្រៀមខ្លួនសម្រាប់អនាគត។ គំនិតផ្តួចផ្តើមនេះ គឺស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក្នុងការប្រែក្លាយការអភិវឌ្ឍធនធានមនុស្ស ឱ្យក្លាយជាកម្លាំងចលករជំរុញវឌ្ឍនភាពជាតិ។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាលដែលសមស្របតាមតម្រូវការឧស្សាហកម្ម ក្នុងវិស័យសំខាន់ៗដូចជា៖ ហិរញ្ញវត្ថុ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ទូរគមនាគមន៍ ថាមពល និងបដិសណ្ឋារកិច្ច ដោយអាចធានាថាកម្លាំងពលកម្មកម្ពុជាមានលទ្ធភាពឆ្លើយតបទៅកំណើនតម្រូវការ ស្របតាមបរិការណ៍សេដ្ឋកិច្ចក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏នឹងគាំទ្រដល់គំនិតផ្តួចផ្តើម បណ្តុះបណ្តាលគ្រូបង្គោល និងពង្រឹងការអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ព្រមទាំងផ្តល់ការគាំទ្រលើកកម្ពស់ជំនាញឌីជីថលសំខាន់ៗ ដូចជា៖ បញ្ញាសិប្បនិម្មិត ឬហៅថា AI បចេ្ចកវិទ្យាក្លោដ ការវិភាគទិន្នន័យ រ៉ូបូត និងបច្ចេកវិទ្យាស្វ័យប្រវត្តិកម្មជាដើម ដែលទាំងអស់នេះស្របតាមរបៀបវារៈនៃការចាប់យកបរិវត្តកម្មឌីជីថលរបស់កម្ពុជាផងដែរ។

ដើម្បីពង្រឹងបទពិសោធន៍ជាក់ស្តែង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នឹងណែនាំគំរូកម្មវិធីហ្វឹកហ្វឺន «រៀនផង ធ្វើការផង» ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ដោយបញ្ចូលការអប់រំក្នុងថ្នាក់រៀនជាមួយនឹងបទពិសោធន៍នៅកន្លែងធ្វើការ ព្រមទាំងមានការណែនាំ និងការផ្តល់វិញ្ញាបនបត្រដែលអនុលោមតាមក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (CQF)។ ក្នុងពេលជាមួយគ្នានេះ គំនិតផ្តួចផ្តើមដូចជា ការធ្វើតេស្តវាយតម្លៃសមត្ថភាព (RPL) នឹងផ្តល់ឱកាសសម្រាប់កម្មករនិយោជិតក្នុងការធ្វើឱ្យជំនាញរបស់ពួកគេទទួលស្គាល់ជាផ្លូវការ ហើយជួយឱ្យអាជីពការងាររបស់ពួកគេកាន់តែប្រសើរទៀតផង។

ភាពជាដៃគូនេះក៏នឹងបង្កើតវិធីសាស្ត្រជាក់ស្តែងនៅក្នុងដំណើរការការងារ ដោយរាប់ចាប់ផ្តើមពីការជ្រើសរើសនិងការផ្គូផ្គងការងារ រហូតដល់កម្មវិធីអាជីពការងារប្រកបដោយបរិយាបន្ន រួមបញ្ចូលទាំងការផ្តល់ការងារដល់ក្រុមងាយរងគ្រោះផងដែរ។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងភស្តុភារសម្រាប់ការរៀបចំព្រឹត្តិការណ៍ការងារ ការផ្សព្វផ្សាយឌីជីថល ក៏ដូចជាការបណ្តុះបណ្តាល ដើម្បីធានាថាឱកាសការងារទាំងអស់ មានភាពងាយស្រួល ត្រូវបានផ្សព្វផ្សាយទូលំទូលាយ និងមាននិរន្តរភាពសម្រាប់មនុស្សគ្រប់គ្នា។ ជាមួយគ្នានេះ ស្ថាប័នទាំងពីរនឹងធ្វើការដើម្បីលើកកម្ពស់ការយល់ដឹងកាន់តែច្បាស់អំពីយន្តការដោះស្រាយវិវាទការងារ និងពង្រឹង សមត្ថភាពតំណាងកម្មករនិយោជិត ដើម្បីជំរុញកិច្ចសន្ទនាសង្គមប្រកបដោយភាពស្ថាបនា និងរក្សាបាននូវទំនាក់ទំនងវិជ្ជាជីវៈដែលចុះសម្រុងគ្នា។

លើសពីការត្រៀមលក្ខណៈសម្រាប់កម្លាំងពលកម្ម កិច្ចសហការនេះក៏គ្របដណ្តប់លើការគាំពារសង្គម និងបច្ចេក​វិទ្យា​ឌី​ជី​ថល​ប្រកបដោយបរិយាបន្ន តាមរយៈការរៀបចំប្រព័ន្ធ ប.ស.ស. (NSSF) ឱ្យកាន់តែទំនើប ដោយប្រើប្រាស់ដំណោះស្រាយទូទាត់ឌីជីថលដែលមានសុវត្ថិភាព និងរហ័ស ដែលធ្វើឱ្យការទូទាត់សម្រាប់សមាជិក ក្រុមអ្នកផ្តល់សេវាសុខាភិបាល និងសិស្សានុសិស្សកាន់តែមានភាពងាយស្រួល។ ការងារនេះនឹងត្រូវបានបំពេញបន្ថែមតាមរយៈយុទ្ធនាការអប់រំសាធារណៈដែលរៀបចំឡើងដើម្បីពង្រីកវិសាលភាពនៃការធានារ៉ាប់រងសន្តិសុខសង្គម និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ​ឌី​ជី​ថល​ទូទាំងប្រទេស។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលជាក្រុមហ៊ុនពហុផលិតផលដ៏ធំ និងមានការវិនិយយោគចម្រុះឈានមុខគេនៅ កម្ពុជា ជាមួយនឹងការវិនិយោគនៅក្នុងវិស័យទូរគមនាគមន៍ ធនាគារ ថាមពល ប្រព័ន្ធផ្សព្វផ្សាយ បដិសណ្ឋារកិច្ច និងអចលនទ្រព្យជាដើម បានរួមចំណែកកសាង និងការអភិវឌ្ឍជាតិជាយូរមកហើយ។ អនុស្សរណៈនៃការ យោគយល់នេះបានបញ្ជាក់ពីគោលជំហរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បន្ថែមទៀតក្នុងការជំរុញកំណើនប្រកបដោយនិរន្តរភាព និងលើកកម្ពស់ជីវភាពរស់នៅប្រជាជនកម្ពុជា តាមរយៈនវានុវត្ត កាលានុវត្តភាព និងភាពជាដៃគូដែលនាំមកនូវវឌ្ឍនភាពដ៏ត្រចះត្រចង់សម្រាប់​សហគមន៍ និងប្រទេសជាតិ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មួយឈុតៗចេញមកមិនឱ្យខកចិត្ត! ឱក សុគន្ធកញ្ញា បង្ហាញខ្លួនក្នុងឈុត ២ នេះ ច្នៃដោយជាងល្បីក្នុងស្រុក កំពុងផ្ទុះសរសើរខ្លាំង

ឪពុកទុយ៌ស! ខឹងប្រពន្ធ បែរជារៀបគម្រោងជាមួយសាច់ញាតិសំ-ឡេះកូនប្រុសបង្កើត ដើម្បីយកលុយធានារ៉ាប់រង

អាយុចូល ៣០ ជាងហើយ តារាប្រុសស្រី ២ រូបនេះអត់ខ្វល់រកគូសាងគ្រួសារ តែសំងំៗធ្វើរឿងមួយបានសម្រេចជូនអ្នកមានគុណ

បុគ្គលិកធ្លាក់ចុះការប្តេជ្ញាចិត្ត ជាបញ្ហាធំដល់ក្រុមហ៊ុន បើមិនចង់ឃើញពួកគេចាកចេញ ប្រញាប់កែខៃតាមវិធីទាំងនេះ!

ប្លែកជាងឆ្នាំមុនៗ! មហោស្រពសិល្បៈបុណ្យភូមិមានជើង និង យូនីសេហ្វ រៀបចំការរត់ជុំវិញប្រាសាទកោះកេរ ដើម្បីសន្តិភាព និងសិទ្ធិកុមារ

ព័ត៌មានបន្ថែម

រួមគ្នាកាត់បន្ថយភាពស្លេកស្លាំង ដោយសារកង្វះជាតិដែក តាមរយៈយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន «សុខភាពកុមារ និង ជាតិដែក» រដូវកាលទី២

ធនាគារ វីង ទទួលពានរង្វាន់ជាប្រតិបត្តិករឆ្នើមចំពោះការផ្តល់សេវារក្សាសុវត្ថិភាព

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

ស្វែងរកព័ត៌មាន​ ឬវីដេអូ