កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅនេះ ប្រទេសថៃ មានគ្រោះរន្ធត់សាជាថ្មី ដែលជាករណីបាក់ស្រុតផ្លូវនៅក្នុងទីក្រុងបាងកក បង្កឱ្យក្លាយជារណ្តៅយ៉ាងធំគួរឱ្យខ្លាច ដែលមានជម្រៅជាង ៥០ ម៉ែត្រ។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះបានកើតឡើងនៅលើផ្លូវសាមសែន នៅមុខមន្ទីរពេទ្យវិជ្ជរ៉ា នាខណ្ឌដុសិត ទីក្រុងបាងកក ដែលជាតំបន់ដែលកំពុងមានការសាងសង់គម្រោងផ្លូវរថភ្លើងក្រោមដី។ នៅក្នុងហេតុការណ៍នេះ គេបានឃើញឡានមួយបាំងកន្លះមួយគ្រឿង ដែលប៊ិះនឹងធ្លាក់ចូលទៅក្នុងរណ្តៅផងដែរ ហើយអ្វីដែលមិននឹកស្មាននោះ ប្រជាជនថៃមួយចំនួនបាននាំគ្នាទៅអុជធូបសំពះឡានខាងលើនេះ ដើម្បីសុំលេខឆ្នោតពីស្លាកលេខដែលមានលេខ ៤៨៥៤ ដោយគិតនឹងអាចផ្សងសំណាងបានលាភបានជ័យពីសេចក្តីមហន្តរាយមួយនេះ។
យ៉ាងណាមិញ មកទល់ពេលនេះ ឡានមួយគ្រឿងខាងលើ ត្រូវបានអាជ្ញាធរស្ទូចយកចេញបានសម្រេចដោយគ្មានការខូចខាតត្រង់ណាឡើយ ហើយអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀត ក៏កំពុងតែស្ទុះស្ទាដោះស្រាយបញ្ហា និងរកមូលហេតុពិតនៃការបាក់ស្រុតផ្លូវមួយនេះផងដែរ៕