កាលពីរសៀលថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ អគ្គនាយកដ្ឋានពន្ធធនាគារ បានបង្ហាញអត្តសញ្ញាណបុគ្គល ៦ នាក់ ពាក់ព័ន្ធក្នុងករណីរំដោះជនជាប់ឃុំ ក្នុងបរិវេណតុលាការខេត្តស្វាយរៀង ដែលបច្ចុប្បន្នជនដែលរំដោះម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បានមកវិញភ្លាមៗ។

ក្នុងនោះ អគ្គនាយកដ្ឋានពន្ធធនាគារ បានជូនព័ត៌មានបឋមឱ្យដឹងថា ជនជាប់ឃុំជនជាតិវៀតណាម ដែលត្រូវបានរំដោះចេញពីក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោងប្រមាណ ០៨:៥៣ នាទីព្រឹក ត្រូវបានចាប់ខ្លួនបានមកវិញ ០១ នាក់ ឈ្មោះ ឡេ វាំងថិនហ្លួង ភេទប្រុស និង រថយន្តមួយគ្រឿងដែលជាមធ្យោបាយ នៅវេលាម៉ោងប្រមាណ ១០:៣៦ នាទី ព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ដោយឡែក ជនជាប់ឃុំ រួមទាំងបក្ខពួកផ្សេងទៀត ក៏ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនមកវិញបានទាំងអស់ហើយនៅយប់ថ្ងៃដដែល ដោយក្នុងនោះមានអ្នកទោស ៦ នាក់ និង ស្ដ្រីអ្នកមករំដោះម្នាក់ សរុបទាំងអស់ ៧ នាក់។

យ៉ាងណាមិញ ក្នុងប្រតិបត្តិការណ៍ខាងលើនោះ ក៏បានផ្ទុះការចែករំលែក និង បញ្ចេញមតិប្រតិកម្មពីមហាជនយ៉ាងខ្លាំង ខណៈមានអ្នកសារព័ត៌មានអនឡាយមួយរូប បានទៅរាយការណ៍ព័ត៌មាន និង អត្ថាធិប្បាយដោយផ្ទាល់ ដោយប្រើពាក្យសម្តីមិនសមរម្យលើរូបរាងកាយស្ត្រី និង ការយកដៃទៅអង្អែលថ្ពាល់របស់ជនសង្ស័យជាស្ត្រី។


ករណីអសីលធម៌ខាងលើនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសព័ត៌មាន ក្នុងវិធានការនៅចំពោះមុខ ដោយបានសម្រេចលុបចោលសុពលភាពនៃប័ណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរូបនោះ និង ដាក់បុគ្គលនេះក្នុងបញ្ជីហាមឃាត់មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម និង សកម្មភាពនានាក្នុងវិស័យព័ត៌មាន និង សោតទស្សន៍ចាប់ពីពេលនេះតទៅ។ បន្ថែមលើនេះ មន្ត្រីជំនាញនៃក្រសួងព័ត៌មាននឹងកោះហៅបុគ្គល នេះមកធ្វើការណែនាំ និង អនុវត្តវិធានការស្របតាមលិខិតបទដ្ឋានគតិយុត្តនិងច្បាប់ជាធរមាន។
សូមអានលម្អិតខាងក្រោម៖


