នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានជូនដំណឹងអំពី បទអន្តរាគមន៍ផ្លូវការរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅក្នុងសម័យប្រជុំលើកទី ៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាទីក្រុងប៉ារីស ប្រទេសបារាំង អំពីសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត នៅក្នុងខេត្តបុរីរម្យ ប្រទេសថៃ។
តាមរយៈបទអន្តរាគមន៍ នៅក្នុងសម័យប្រជុំលើកទី ៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ទីស្នាក់ការអង្គការយូណេស្កូ ទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ជាប់មិនដាច់របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ចំពោះកិច្ចការការពារបេតិកភណ្ឌពិភពលោក ជាពិសេសប្រាសាទអង្គរវត្ត ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាំងពីឆ្នាំ ១៩៩២ ហើយក៏ជានិមិត្តរូបជាតិកម្ពុជាផងដែរ។
ក្នុងនោះ ក្រសួងវប្បធម៌ បានជម្រាបជូនគ្រប់សមាជិកគណៈកម្មាធិការទាំងអស់អំពីកង្វល់របស់កម្ពុជា ពាក់ព័ន្ធនឹងសំណង់ចម្លងដ៏ធំតាមគំរូប្រាសាទអង្គរ នៅក្នុងខេត្តបុរីរម្យ ព្រះរាជាណាចក្រថៃ ដោយមិនបានពិភាក្សា ជាមួយកម្ពុជា ហើយក៏មិនបានគោរពទៅដល់ក្រមសីលធម៌នៃតម្លៃវប្បធម៌របស់កម្ពុជានោះដែរ។ ការសាងសង់ នេះក៏បានប៉ះពាល់ផងដែរដល់ Integrity និង Authenticity និងតម្លៃលេចធ្លោជាសកល (OUV-Outstanding Universal Value) របស់រមណីយដ្ឋានអង្គរទាំងមូល។
ទោះបីជាក្រសួងវប្បធម៌ និង វិចិត្រសិល្បៈកម្ពុជា បានខិតខំព្យាយាមជាច្រើនលើកច្រើនសាក្នុងការជជែកជាមួយភាគីថៃ ក៏ការសាងសង់នេះនៅតែបន្តមិនបញ្ឈប់នោះទេ។ ករណីសាងសង់ចម្លងនេះ កំពុងបង្កជាសំណល់គំរូដ៏គ្រោះថ្នាក់បំផុតសម្រាប់គ្រប់ បេតិកភណ្ឌពិភពលោកទាំងអស់។ ដូច្នេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានស្នើសុំអង្គការយូណេស្កូ ក៏ដូចជាស្ថាប័នពិគ្រោះយោបល់ទាំងអស់ របស់អង្គការយូណេស្កូ សូមពិនិត្យជាទូទៅលើបញ្ហានេះ ជាមួយការយកចិត្តទុកដាក់ខ្ពស់៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖