នៅរសៀលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការវិវត្តនៃអាកាសធាតុ និង ធាតុអាកាសនៅកម្ពុជាឱ្យបានដឹងថា សម្ពាធទាប ដែលកំពុងគ្របដណ្តប់លើសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះទី ១ ឈ្មោះ វូតទីព (Wutip) ក្នុងឆ្នាំ ២០២៥ T2501 បានមានឥទ្ធិពលមកលើរបបខ្យល់មូសុងនិរតី សមុទ្រអានជាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ និង លើព្រះរាជាណាចក្រកម្ពុជា។
ក្នុងនោះ ក្រសួងបានបញ្ជាក់ឱ្យដឹងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសក្នុងប្រទេសកម្ពុជាមានលក្ខណៈ ផ្ទៃមេឃមានពពកច្រើន មានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់ដែលគ្របដណ្តប់ស្ទើរទូទាំងប្រទេស។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា ១,៧៥ ម៉ែត្រ។
ក្រសួងបានបញ្ជាក់បន្ថែមថា ព្យុះនេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ ខណៈក្រសួងធនធានទឹក និង ឧតុនិយម នឹងបន្តធ្វើការតាមដាននិងវិភាគអំពីអាកាសធាតុ និង ធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួល ព្រមទាំងសូមឱ្យសាធារណជន និង អាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវទឹក៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖