នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ផលិតកម្ម Klab Yahandz បានបញ្ចេញបទចម្រៀងស្នាដៃចុងក្រោយរបស់តារាចម្រៀងរ៉េប RuthKo មានចំណងជើងថា «រស់នៅឱ្យសប្បាយ (Live It Up)» ដែលលោកបានធ្វើឡើងកាលនៅមានជីវិត។
បទចម្រៀងខាងលើនោះដែរ បានធ្វើឱ្យអ្នកគាំទ្ររបស់លោក RuthKo ស្តាប់ហើយ កាន់តែអាឡោះអាល័យសោកស្តាយនូវការបាត់បង់រូបលោកគ្មានថ្ងៃត្រឡប់ យ៉ាងឈឺចាប់។
ងាកទៅកាន់អ្នកម្តាយរបស់លោក RuthKo ក្រោយបទចម្រៀងកូនប្រុសពៅបានចេញមកទាំងម្ចាស់មិនបាននៅនោះ អ្នកស្រីក៏បានបង្ហាញសារមួយធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកទប់ទឹកភ្នែកសឹហមិនបានឡើយ។
អ្នកម្តាយ RuthKo បានរៀបរាប់ថា៖ «បទថ្មីចេញហើយ កូនម្ដាយ! បើបានស្តាប់ហើយ សូមឱ្យគ្រប់គ្នាមានអារម្មណ៍ធូរស្រាល និង ចាកទុក្ខកង្វល់ទាំងឡាយ ដោយការគោរពពីម្ដាយ Ruthko។ ម៉ាក់ពិតជាខ្លោចចិត្តណាស់កូនប្រុសម្ដាយ កូនលែងបានត្រេកត្រអាលនឹងជីវិត ដែលកូនប្រាថ្នាទៀតហើយ»៕