មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ច្បាស់ជាបានជ្រាបមកហើយនូវសោកនាដកម្មឆេះក្លឹបកម្សាន្ត មីតណាយព្រីមៀរ កាលពីព្រឹកថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ នៅសង្កាត់ដង្កោ ខណ្ឌដង្កោ វេលាម៉ោង ១១ ព្រឹក ដែលបណ្តាលឱ្យមានអ្នកស្លាប់ និង រងរបួសក្នុងហេតុការណ៍នេះ។
សោកនាដកម្មនេះដែរ បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានក្តីរន្ធត់ចិត្ត និង ចូលរួមរំលែកទុក្ខដល់អ្នកបានស្លាប់ និង ជូនពរឱ្យអ្នករងរបួសជាសះស្បើយផងដែរ។ ម្យ៉ាងវិញទៀត ក៏មានមហាជនបង្ហាញទឹកចិត្តអាណិតអាសូរដល់ម្ចាស់ក្លឹបផងដែរ។
ដោយឡែកក្រោយហេតុការណ៍អាក្រក់បានដិតដាម ម្ចាស់ក្លឹបកម្សាន្តខាងលើ ដែលមានគណនីឈ្មោះ Mouy Leng បានបង្ហាញអារម្មណ៍យ៉ាងក្តុកក្តួល ដែលហេតុការណ៍អាក្រក់នេះបានកើតឡើងចំពោះបុគ្គលិករបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់ក្លឹប មីតណាយព្រីមៀរ បានចេញមកបង្ហោះសារជាបន្តបន្ទាប់ដោយសារមួយបានរៀបរាប់ទាំងរំជួលចិត្តថា៖ «ខ្ញុំមិនដែលសាងបាបទេ! ហេតុអីខ្ញុំមកជួបសោដនាកម្មប៉ះពាល់ផ្លូវចិត្តខ្ញុំ និង ធ្វើឱ្យខ្ញុំមានវិប្បសារីបែបនេះ? ឆេះស្ទើរគ្រប់យ៉ាង លើកលែងតែឈ្មោះអ្នកនៅស្អាតដដែល។ ខ្ញុំពិតជាឈឺចាប់ណាស់ នូវអ្វីដែលកើតឡើងចំពោះពួកគាត់ និង កូនចៅខ្ញុំ»៕