នៅព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ នេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស អ្នកនៅក្នុងរង្វង់សិល្បៈជាច្រើន បានបង្ហាញអារម្មណ៍សោកសៅ និង រំលែកទុក្ខដល់ក្រុមគ្រួសាររបស់នាដការបាំបុរាណមួយរូប គឺកញ្ញា ស្រីនុច ដែលបានបាត់បង់អ្នកម្តាយជាទីស្រឡាញ់គ្មានថ្ងៃត្រឡប់។
អ្វីដែលកាន់តែក្តុកក្តួលទៀតនោះ នាដការបាំបុរាណ ស្រីនុច ត្រូវបានជួបទុក្ខធំ អំឡុងនាងបំពេញបេសកកម្មនៅប្រទេសបារាំង ចូលរួមសម្តែងនៅក្នុងកម្មវិធី «Le Ballet royal du Cambodge» នៅទីក្រុងប៉ារីស ខេត្ត Bordeaux និង ខេត្ត Metz បន្ទាប់ពីរបាំព្រះរាជទ្រព្យកម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិមួយនេះ ត្រូវអាក់ខានយកទៅសម្តែងជាច្រើនឆ្នាំនៅប្រទេសបារាំង ក្រោយការយាងចូលទិវង្គតរបស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។
ក្នុងនោះដែរ តាមរយៈការបង្ហោះពីលោកជំទាវ វុធ ច័ន្ទម៉ូលី បានរៀបរាប់ថា៖ «អារម្មណ៍នេះពិតជាពិបាកទទួលខាំ្លងណាស់! សូមប្អូនរឹងមាំឡើង អ្នកគ្រូ និង មិត្តរួមអាជីពទាំងអស់ សូមលើកទឹកចិត្តប្អូនដ៏ពូកែរបស់អ្នកគ្រូ និង សូមឱ្យវិញ្ញាណក្ខន្ធម៉ាក់របស់ប្អូនបានទៅកាន់សុគតិភព។ ពួកយើងនៅជិតប្អូនរហូត រឹងមាំឡើង ស៊ូៗៗៗៗៗៗ»៕