ដំណើរការនៃការប្រកួតកម្មវិធីចម្អិនម្ហូបលំដាប់ពិភពលោក MasterChef Cambodia រដូវកាលទី ៤ បាន និង កំពុងដំណើរការហើយ ដោយក្នុងនោះ កម្មវិធីការបានស្វែងរកឃើញបេក្ខភាពតាមបណ្តាខេត្តក្រុងនានា នឹងត្រៀមចូលមកប្រកួតក្នុងចង្ក្រាន្តបាយ MasterChef Cambodia ឆាប់ៗខាងមុខនេះ។

ដោយឡែក រដូវកាលថ្មីនឹងមកដល់ក្តី តែក្រឡេកទៅមើលម្ចាស់ពានរង្វាន់ MasterChef Cambodia រដូវកាលទី ៣ លោក សំអន ក៏នៅតែទទួលបានការគាំទ្រពីសំណាក់មហាជន តាមរយៈសកម្មភាព និង ការងាររបស់លោកនៅលើបណ្តាញសង្គមនានាផងដែរ។

ជាក់ស្តែង មិនខុសពីសព្វមួយដងនោះឡើយ លោក សំអន តែងតែបង្ហាញការចម្អិនម្ហូបចែកជូនដល់អ្នកគាំទ្រជារឿយៗ នៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោក។

ម្យ៉ាងវិញទៀត មួយរយៈក្រោយនេះ អ្វីដែលកាន់តែចាប់អារម្មណ៍ គឺលោក សំអន បានចំណាយពេលវេលានៅស្រុកកំណើតនាខេត្តបន្ទាយមានជ័យ ជួបជុំក្រុមគ្រួសារច្រើនជាងមុន ដោយលោកតែងតែងបង្ហាញវីដេអូចម្អិនម្ហូបជាមួយអ្នកផ្ទះជាដើម។

មិនត្រឹមតែប៉ុណ្ណោះ អ្វីកាន់តែមានក្តីសុខក្នុងនាមជាចុងភៅនោះ លោក សំអន បានបង្ហាញអារម្មណ៍យ៉ាងរំភើបក្រោយរៀបចំចង្ក្រាន្តជើងឆ្នាំនៅផ្ទះ នាឯស្រុកកំណើត មើលទៅយ៉ាងប្រណីត ដែលកើតចេញពីសមិទ្ធផលនៃការប្រឹងប្រែងរបស់លោកក្នុងវិស័យចម្អិនម្ហូប៕






