នៅរសៀលថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ នេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានជូនដំណឹងពីករណីបង្ក្រាបជនដៃដល់ ធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ ៦ ឆ្នាំ នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងពីស្ដ្រីម្នាក់ដែលអះអាងថា កូនស្រីរបស់ខ្លួនអាយុ ៦ ឆ្នាំ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់ធ្វើការរំលោភសេពសន្ថវៈ កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ នៅត្រង់ចំណុចភូមិ ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយពីទទួលបានពាក្យបណ្តឹងនេះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយអធិកាដ្ឋាននគរបាលខណ្ឌដូនពេញ និង ខណ្ឌបឹងកេងកង ដោយធ្វើការស្រាវជ្រាវតាមនីតិវិធី និង ជំនាញ រហូតកំណត់បានអត្តសញ្ញាណ និង ទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។
លុះនៅវេលាម៉ោង ១៤៖៥០ នាទី ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ទួន គឹមហុង ភេទប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចផ្លូវជាតិលេខ ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានគរបាលព្រហ្មទណ្ឌ បញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕