ថ្មីៗនេះ អ្នកស្រឡាញ់ និង ចិញ្ចឹមសត្វជាច្រើន មានការផ្ទុះប្រតិកម្ម និង ចែករំលែកនូវឈុតក្រៅឆាកមួយក្នុងរឿង «១៤ កុម្ភៈ» របស់ផលិតកម្ម LD ពីឈុតឆាកមួយរបស់សត្វឆ្មាស្លាប់ដេកស្តូកស្តឹង។
ក្នុងនោះដែរ អ្នកស្រឡាញ់ និង ចិញ្ចឹមសត្វ បានបញ្ចេញមតិរិះគន់ និង បង្ហាញអារម្មណ៍ខ្លោចចិត្តយ៉ាងខ្លាំង ដោយយល់ថាឈុតនោះដែរ សត្វឆ្មានោះ ត្រូវបានសម្លាប់ពិតមែន និង ខ្លះទៀតបានបញ្ចេញមតិឱ្យក្រុមការងារផលិតភាពយន្តខាងលើ បង្ហាញឈុតក្រៅឆាក ដើម្បីបញ្ជាក់។
យ៉ាងណាមិញ ក្រោយផ្ទុះប្រតិកម្មបែបនេះហើយ លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD បានចេញមកបង្ហាញនូវការបញ្ចេញមតិមួយចំនួនរបស់បសុពេទ្យ ដែលបានចេញមកបកស្រាយជំនួសពាក់ព័ន្ធនឹងរូបភាពស្តូកស្តឹងដូចអស់ជីវិតពិតរបស់សត្វឆ្មានោះ ដោយអះអាងថា អាចជាការដាក់ថ្នាំសណ្តំ។
លើសពីនោះ លោក លៀក លីដា ក៏បានរៀបរាប់ថា៖ «អរគុណដល់ Phiron Soum បសុពេទ្យ ដែលបានយល់ពីបច្ចេកទេស និង យល់ពីចិត្តខ្ញុំ ថាខ្ញុំជាមនុស្សស្រលាញ់សត្វចិញ្ចឹមប៉ុនណា (គ្រាន់តែថតឱ្យឆ្មានៅស្ងៀម ដោយគ្មានមនុស្សទៅប៉ះវានោះទេ វាមិនពិបាកទេក្នុងការធ្វើបច្ចេកទេស) ហើយក្នុងសាច់រឿងទាំងមូលគ្មានរូបភាពឃោរឃៅ ឬក៏ហិង្សាណាមួយទៅលើសត្វឆ្មានោះទេ។ please check my profile to see how much i love pets»៕