នៅព្រឹកថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរចិន ឆ្នាំ ២០២៦។

តាមរយៈសេចក្ដីជូនដំណឹង ក្រសួងបានបញ្ជាក់ឱ្យបានដឹងថា តាមសំណើរបស់ក្រសួងទេសចរណ៍ នៅក្នុងក្របខ័ណ្ឌនៃក្រុមការងារផ្នែកទេសចរណ៍ (ក្រុម«ខ») និង មានការផ្តល់ការគាំទ្រពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រមទាំងយោងគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានអនុញ្ញាតដាក់ឱ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ធ្វើដំណើរពីប្រទេសចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន ១៤ ថ្ងៃ ក្នុងអំឡុងពេល ៤ ខែ គិតចាប់ពីថ្ងៃទី ១៥ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និង ពុំមានបង់កម្រៃដោយគ្រាន់តែបំពេញ E-arrival card។

តាមប្រភពបានបន្តថា ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន។ អាស្រ័យដូចនេះ ក្រសួងទេសចរណ៍ បានអំពាវនាវដល់សាធារណជន សមាគម ឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងភាគី ពាក់ព័ន្ធទាំងអស់ ជ្រាប និង ចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងចូលរួមផ្សព្វផ្សាយឱ្យបាន ទូលំទូលាយតាមគ្រប់មធ្យោបាយ និង គ្រប់រូបភាព សំដៅជំរុញកំណើនភ្ញៀវទេសចរចិនមកកាន់ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែច្រើនឡើងថែមទៀត៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖
