នៅព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ឆាយ ហុង បានបញ្ជាក់ឱ្យដឹងថា ករណីក្រុមជនដៃដល់ និង បក្ខពួក ដែលបានរំលោភសម្លាប់ទៅលើយុវតី វ័យ ១៥ ឆ្នាំ នៅក្នុងបន្ទប់ទឹក ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរលើជនសង្ស័យទាំង ៣ នាក់ ពីបទឃាតកម្មដោយអំពើរំលោភសេពសន្ថវៈ តាមមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌ។
ក្នុងនោះ បើតាមមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌ បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ បានចែងថា ឃាតកម្មដែលកើតក្នុងពេល ឬ ក្រោយពេលប្រព្រឹត្តអំពើទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
សូមរំឭកផងដែរថា កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានបំបែកសំណុំរឿងអំពើឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ (យកថ្នាំងងុយដេកដាក់ក្នុងភេសជ្ជៈឱ្យជនរងគ្រោះផឹក ហើយរំលោភសម្លាប់ ប្លន់យកទ្រព្យសម្បត្តិ ជនរងគ្រោះ)។
ជនរងគ្រោះមានឈ្មោះ វុទ្ធី លីណា ភេទស្រី អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនៅផ្ទះ បានស្លាប់នៅចំណុចក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ស្ថិតនៅក្នុងវត្ដជេសដ្ឋាឧត្តម ហៅវត្តគ្រួស ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងនោះជនសង្ស័យ ចំនួន ០៣ នាក់ ដែលសមត្ថកិច្ចបង្ក្រាបបានរួមមាន ៖
១. ឈ្មោះ សុខ ច័ន្ទសុវណ្ណសេង ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ធ្លាប់ស្គាល់ជនរងគ្រោះតាំងពីក្មេងៗ។ ត្រូវបានឃាត់ខ្លួនដោយសង្ស័យជាជនដៃដល់ អ្នករំលោភ និង សម្លាប់។
២. ឈ្មោះ ទៀន ផារ៉ែត ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ត្រូវបានឃាត់ខ្លួន ដោយសង្ស័យរួមគំនិតសម្លាប់។
៣. ឈ្មោះ បូ ឧត្តម ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួន ដោយសង្ស័យរួមគំនិតសម្លាប់៕