ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសសិល្បករ សិល្បាការិនី និង អ្នកផលិតមាតិកាមួយចំនួនបានផ្ទុះការប្រតិកម្ម ក្រោយបានដឹងដំណឹងពីក្រុមហ៊ុនមួយបានឆាតមកលុបចោលការងារ ដោយលើកហេតុផលថាតួនិយាយរឿងប្រទេសជាតិ។

ក្នុងនោះដំបូងឡើយ គេបានឃើញស្រីស្អាតកូនកាត់ខ្មែរ-ស្កុតឡេន កញ្ញា Navi Clifford ជាតារាម៉ូដែល និង ជាអ្នកគ្រប់គ្រងកញ្ញា Melina តារាស្រីកូនកាត់ខ្មែរ-បារាំង បានបង្ហោះរូបភាពនៃសារឆ្លងឆ្លើយ ដោយខាងក្រុមហ៊ុននោះសរសេរថា ៖ «សួស្តីបង ក្រុមការងារខ្ញុំកំពុងចរចាជាមួយអតិថិជនហើយ។ ជាអកុសល ការសម្រេចចិត្តរបស់អតិថិជនមិនពេញចិត្តដូចដែលយើងរំពឹងទុកនោះទេ។ ពួកគេមិនសហការជាមួយ KOL ដែលបានបង្ហោះពាក់ព័ន្ធនឹងជម្លោះខ្មែរ-ថៃនោះទេ។ ការពិត ខ្ញុំមានមោទកភាពណាស់ដែលបង និង KOLs ផ្សេងទៀតបានប្រើវេទិការបស់បងសម្រាប់គោលបំណងដ៏សំខាន់មួយ។ យើងរីករាយក្នុងការស្វាគមន៍អ្នកនៅក្នុងគម្រោង ដែលអាចធ្វើទៅបានផ្សេងទៀតនាពេលអនាគតដ៏ខ្លី។ សូមអភ័យទោសដោយស្មោះ»។

ក្រោយពីកញ្ញា Navi បានបង្ហោះសារនោះហើយ ក៏ឃើញមានតារាប្រុសស្រី ប៉ុន្មានរូបទៀតបង្ហោះនូវការទទួលសារពីក្រុមហ៊ុនខាងលើដូចៗគ្នា រហូតធ្វើឱ្យមហាជន និង អ្នកសិល្បៈ ព្រមទាំងអ្នកផលិតាមាតិកាជាច្រើន ចេញមកប្រតិកម្មយ៉ាងក្តៅគគុក៕






