គិតមកដល់ពេលនេះ ជិត ១ ខែហើយ ដែលកម្មវិធី Miss Universe Cambodia បានរកឃើញនូវរាជិនីម្ចាស់មកុដថ្មី MUC 2025 ដែលបានទៅលើបវរកញ្ញាពេញដោយសមត្ថភាព រូបសម្រស់ និង ចំណេះដឹង គឺអ្នកនាង ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ដែលនាងនឹងត្រៀមខ្លួនតំណាងឱ្យកម្ពុជា ដើម្បីចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Universe ឆាប់ៗខាងមុខ។
យ៉ាងណាមិញ បន្ទាប់ពីកម្មវិធី MUC រកឃើញនូវម្ចាស់ជ័យលាភីគ្រងមកុដប្រចាំឆ្នាំ ២០២៥ មួយរយៈកន្លងមកនេះ ក្រៅពីទទួលបានការអបអរបង្ហាញការពេញចិត្តចំពោះម្ចាស់មកុដ ក៏ដូចជាតំណែងជ័យលាភីកំពូលៗ ក៏ឃើញមានការវែកញែកខ្លះៗលើបណ្ដាញសង្គមជុំវិញលទ្ធផលនៃការប្រកួតនេះផងដែរ។
ដោយឡែក ងាកមើលហ្វេសប៊ុករបស់អ្នកគ្រប់គ្រងស្ថាប័ន Miss Universe Cambodia លោក Chhoy D. Archi វិញ ក្រោយរៀបចំការប្រកួតចប់ដោយរលូន និង ស្របពេលមានការវែកញែកខ្លះៗលើបណ្ដាញសង្គមពាក់ព័ន្ធនឹងលទ្ធផលប្រកួតនេះដែរ មកដល់ថ្មីៗនេះ ក៏បានឃើញលោកបង្ហោះសារមួយលើហ្វេសប៊ុកថា ៖ «គុណធម៌ និង ភាពស្មោះត្រង់»។
ក្រោយឃើញការបង្ហោះរបស់អ្នកគ្រប់គ្រងស្ថាប័ន MUC បែបនេះ ក៏មានការចែករំលែកពីមហាជន និង បវរកញ្ញាជាច្រើន ក្នុងនោះ ក៏ឃើញហ្វេសប៊ុករបស់បវរអ្នកនាង ហ្វីយ៉ាតា ម្ចាស់មកុដ MUC 2025 បានចែករំលែក និង រៀបរាប់ពីអ្នកគ្រប់គ្រងរបស់ខ្លួនយ៉ាងភ្ញាក់ផ្អើលថា បើតំណែងជាអ្នកគ្រប់គ្រងរបស់លោក Chhoy D. Archi ត្រូវចេញ នាងក៏ចេញដូចគ្នា និង មិនមានការតំណាងប្រទេសទៀតផង។
សារនោះ អ្នកនាង ហ្វីយ៉ាតា បានរៀបរាប់ថា ៖ «ខ្ញុំបានបងជា ND ខ្ញុំសំណាងណាស់.. ចង់ផ្ដាំ fan club ខ្ញុំថា បើតំណែង ND ត្រូវចេញពី B Chhoy ដោយអ្វីមួយ Queen របស់អ្នកម្នាក់នេះ ក៏ចេញដូចគ្នា..ហើយបើគេមិនឈប់ចង់បំផ្លាញដំណើររបស់ពួកខ្ញុំ បើបែបនេះមែន បំណងនៃការតំណាងប្រទេស ក៏លែងមានដែរ. Save Chhoy,Save FIYATA..»៕