ថ្មីៗនេះ ពិធីការនីទូរទស្សន៍មួយរូបឈ្មោះ Saori Ohtsubo មកពីប៉ុស្តិ៍ Ryukyu Broadcasting នាទីក្រុង Naha ខេត្ត Okinawa ត្រូវបានប៉ូលិសឃាត់ខ្លួន ក្រោមករណីលួចដាក់ថ្នាំនៅក្នុងទឹកឱ្យមិត្តរួមការងារផឹក រហូតសន្លប់បាត់ស្មារតី និង មានអាការៈពុលយ៉ាងធ្ងន់ធ្ងរ។

តាមព័ត៌មានបានឱ្យដឹងថា កាលពីខែមករា ឆ្នាំ ២០២៤ កន្លងទៅ Saori Ohtsubo បានយកភេសជ្ជៈលាយជាមួយថ្នាំងងុយគេងឱ្យមិត្តរួមការងារស្រីម្នាក់ផឹក ក្រោយមកនាងក៏បានសន្លប់បាត់ស្មារតី និងមានអាការៈពុលថ្នាំយ៉ាងធ្ងន់ធ្ងរ។ លុះមកដល់ខែកុម្ភៈ ឆ្នាំ ២០២៤ នារីជាជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលិស ហើយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៥ នេះ ទើបប៉ូលីសបានចាប់ខ្លួន Otsubo ពីបទធ្វើបាបរាងកាយ។ លើសពីនេះទៅទៀត តុលាការក៏បានចោទប្រកាន់នាងនៅក្នុងករណីដូចគ្នា។

យ៉ាងណាមិញ ខាងប៉ុស្តិ៍ទូរទស្សន៍ Ryukyu Broadcasting បានចេញសេចក្តីថ្លែងការណ៍សុំទោសទាក់ទងនឹងករណីនេះ ហើយបានសន្យាថានឹងរួមសហការជាមួយនឹងប៉ូលិសយ៉ាងអស់ពីចិត្តផងដែរ។ ដោយឡែក បុគ្គលិកនៅក្នុងក្រុមហ៊ុនបានទម្លាយឱ្យដឹងថា គ្មាននរណាចូលចិត្ត Saori Ohtsubo ឡើយ ព្រោះនាងមិនសូវនិយាយស្តីជាមួយមិត្តរួមការងារឡើយ គេពិបាកនឹងយល់ពីអត្តចរិតរបស់នាងណាស់៕

ប្រភព៖ Kapook