គិតមកដល់ថ្ងៃនេះ រយៈពេល ៥ ថ្ងៃហើយ ដែលពិធីការិនី នូ មៈនេត្រអាថាណា បានទទួលមរណភាពដោយសារជំងឺនៅឯមន្ទីរពេទ្យប្រទេសថៃ ដែលនឹងត្រៀមដឹកមកខ្មែរនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ នេះ ដើម្បីរៀបចំកម្មពិធីបុណ្យសព និង បុណ្យគំរប់ ៧ ថ្ងៃ ព្រមធ្វើពិធីដង្ហែសពទៅបូជានៅព្រឹកថ្ងៃ ច័ន្ទ ទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ៩:៣០ នាទីព្រឹក។
ចំពោះការចាកចេញគ្មានថ្ងៃត្រឡប់របស់ពិធីការិនី នូ មៈនេត្រអាថាណា បានបន្សល់ត្រឹមក្ដីអាល័យក្នុងចិត្តមហាជនអ្នកគាំទ្រ និង មិត្តរួមអាជីព ជាពិសេសក្រុមគ្រួសារឱពុកម្ដាយ បងប្អូន មានតែក្ដីឈឺចាប់ទុក្ខសោកសង្រេង។
ជាមួយគ្នានេះ តាមរយៈការបង្ហោះជូនដំណឹងជាបន្តបន្ទាប់លើហ្វេសប៊ុករបស់បងស្រីរបស់ពិធីការិនី នូ មៈនេត្រអាថាណា ឈ្មោះ MaDa HP ខណៈដល់វេលាដែលសពប្អូនស្រីដឹកមកខ្មែរ និង ត្រៀមធ្វើពិធីបុណ្យជូនដំណើរជាលើកចុងក្រោយ ក៏បានឃើញនាងបង្ហោះសារមួយយ៉ាងរំជួលចិត្តពេញដោយក្ដីអាល័យចំពោះប្អូនស្រីជាទីស្រឡាញ់ ដែលបាននិយាយទៅកាន់ប្អូនស្រីឱ្យមកលានាងផងមុននឹងចាកចេញជារៀងទៅរហូត។
ក្នុងនោះ បងស្រីរបស់ពិធីការិនី នូ មៈនេត្រអាថាណា បានបង្ហោះរៀបរាប់ថា ៖ «ខ្ញុំរង់ចាំខ្លួនឯងនៅផ្ទះ ខ្លួនឯងត្រូវតែមកលាខ្ញុំឱ្យស្រួលបួល ឮដេស … ? ពីពេលនេះ អាអូនឯងដើរម្នាក់ឯង តែមានញាតិជាច្រើនចាំជូនដំណើរអូន ដោយក្ដីស្រលាញ់ គោរពរាប់អាន អូនមិនឯកោឡើយ អូនមានញាតិច្រើណាស់ដែលស្រលាញ់អូន ឮទេ តុបតុប Thana Nou»៕