មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង សម្ដែងក្ដីកោតសរសើរពីការតស៊ូរបស់យុវជនមួយរូប ដែលបានសម្រេចចិត្តដើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តរតនគិរី ដែលមានចម្ងាយសរុបប្រមាណ ៥៨៨,៦ គីឡូម៉ែត្រ។
ជាក់ស្ដែង តាមរយៈវីដេអូដែលកំពុងចែករំលែកនៅក្នុងបណ្ដាញសង្គម បានបង្ហាញពីសកម្មភាពយុវជនខាងលើ ត្រូវបានប្រជាពលរដ្ឋសួរនាំថាដើរទៅណាមកណា ទើបរូបគេឆ្លើយតបឱ្យដឹងថា គឺធ្វើដំណើរថ្មើជើងពីរាជធានីភ្នំពេញ ទៅកាន់ខេត្តរតនគិរី។ ក្នុងនោះបើតាមការឱ្យដឹងពីផេកដែលមានឈ្មោះ បាល់ទាត់យុវជនប៉ាតេ បានអះអាងថា យុវជនរូបនេះ គឺជាជនជាតិភាគតិចដែលមានឈ្មោះ ឃ្វេន មានទីលំនៅនៅភូមិតេនង៉ល ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
យ៉ាងណាមិញ មកទល់ពេលនេះ គេពុំទាន់បានដឹងពីគោលបំណងច្បាស់លាស់ នៃការធ្វើដំណើរថ្មើជើងនេះនៅឡើយ តែមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ពិតជាបានសម្ដែងក្ដីកោតសរសើរពីការតស៊ូរបស់យុវជនខាងលើដោយអស់ពីចិត្ត ដែលមានភាពក្លាហានធ្វើដំណើរដោយថ្មើរជើងពីរាជធានីភ្នំពេញទៅខេត្តរតនគិរី ដែលមានចម្ងាយប្រមាណ ៥៨៨,៦ គីឡូម៉ែត្រ អាចរាប់បានថាជាករណីទី ១ ហើយដែលមានអ្នកធ្វើដំណើរថ្មើរជើងក្នុងចម្ងាយឆ្ងាយបែបនេះ៕