បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជាង ២ ខែមកហើយ នៃដំណើរនៃការប្រកួត Miss Universe Cambodia 2025 ក្នុងការបន្តដំណើរស្វែងរកស្ត្រីខ្លាំងក្លាយទៅជាម្ចាស់មកុដ ដើម្បីតំណាងឱ្យកម្ពុជាទៅកាន់ឆាកអន្តរជាតិ។

ក្នុងនោះដែរ អ្នកគាំទ្រវិស័យបវរកញ្ញា បាន និង កំពុងរកឃើញបវរកញ្ញាក្នុងដួងចិត្តរបស់ខ្លួនរួចមកហើយ ដោយជឿជាក់ថា Idol របស់ខ្លួនអាចនឹងដណ្តើមបានជោគជ័យ ក៏ព្រោះតែសមត្ថភាព ចំណេះដឹង និង រូបសម្រស់របស់គេ។

ងាកមកកាន់អ្នកម៉ាក់រូបស្រស់ ថៃ នារីសុជាតា បេក្ខភាព MUC07 ឯណោះវិញ ក៏កំពុងឆក់បានបេះដូងអ្នកគាំទ្រជាច្រើនដូចគ្នា បើទោះនេះជាការចូលប្រឡូកក្នុងវិស័យបវរកញ្ញាលើកដំបូងរបស់អ្នកនាងក្តី។

ម្យ៉ាងវិញទៀត បើគិតត្រឹមថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ អ្នកនាង ថៃ នារីសុជាតា បានឈរនៅលំដាប់ទី ១ នៃការបោះឆ្នោតពីសំណាក់អ្នកគាំទ្រ ដើម្បីចូលទៅកាន់ Top 10 ដោយស្វ័យប្រវត្តិទៀតផង។

នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៥ អ្នកនាង ថៃ នារីសុជាតា ក៏បានបង្ហោះសារ ក្រោយឃើញលទ្ធផលបណ្តោះអាសន្ននៃការទទួលបានពីការបោះឆ្នោតថា ៖ «ថាខ្ញុំជោរក៏បាន តែខ្ញុំពិតជារំភើបណាស់! ខ្ញុំសង្ឃឹមថា ខ្ញុំអាចសម្រេចបំណងអ្នកទាំងអស់គ្នា រួមទាំងជាក្ដីស្រមៃខ្ញុំផង បានទៅចុះ។ ទោះមានអ្នកខំលាបពណ៌ ខំមួលបង្កាច់ពីក្រោយខ្នងយ៉ាងណាក៏ដោយ ក៏សូមបួងសួង ហើយសង្ឃឹមថាពិភពលោកនេះនឹងឈរទៅលើការពិត ហើយមើលឃើញទេពកោសល្យពិត ការតាំងចិត្ត ភាពព្យាយាម ការដែលមិនចុះចាញ់ និង ភាពច្បាស់លាស់របស់ខ្ញុំផងចុះ។ ខ្ញុំពិតជាអរគុណអ្នករាល់គ្នា សម្រាប់ការ Vote មកលើរូបនាងខ្ញុំ»៕




