កាលពីរាត្រីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ ថ្មីៗនេះ ការប្រកួតបវរកញ្ញាភេទទី ៣ Miss Queen Cambodia 2025 បានឈានមកដល់ទីបញ្ចប់ បន្ទាប់ពីបានរកឃើញម្ចាស់មកុដថ្មី ដោយបានទៅលើកញ្ញា ផេនខេក តំណាងខេត្តព្រះសីហនុ។
ជាការពិតណាស់ នេះគឺជាឆាកប្រកួតលើកដំបូងរបស់ ផេនខេក នៅក្នុងវិស័យបវរកញ្ញា ប៉ុន្តែពិធីការិនីភេទទី ៣ រូបនេះ ពិតជាខ្លាំង ដោយនាងអាចដណ្ដើមបានតំណែងកំពូលក្លាយជាម្ចាស់មកុដ MQC 2025 ដើម្បីត្រៀមតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ។
ទន្ទឹមនឹងការអបអរនៃការឈ្នះមកុដ ផេនខេក ក៏ត្រូវបានអ្នកទស្សនាការប្រកួតកម្មវិធីមួយនេះមួយចំនួន បានបញ្ចេញមតិមិនសូវពេញចិត្ត និង រិះគន់នាងយ៉ាងខ្លាំង ដោយខ្លះបានលើកឡើងថា នាងឈ្នះមកុដដោយសារមានខ្សែ ខណៈនាងជាអ្នកសិល្បៈល្បីឈ្មោះ។ ឯអ្នកខ្លះទៀតបានរិះគន់ទៅលើរូបរាងដោយបាននិយាយថា ទៅប្រឡងនៅក្រៅប្រទេស គ្រាន់តែឃើញគឺធ្លាក់បាត់ហើយ។
ទោះជាមានមតិលើកឡើងថា ផេនខេក ឈ្នះដោយសារខ្សែយ៉ាងណាក្តី ប៉ុន្តែក៏មានអ្នកគាំទ្រជាច្រើនបានពេញចិត្តចំពោះលទ្ធផលដែលនាងទទួលបាននេះ ដោយលើកឡើងថា ផេនខេក បានឆ្លើយសំណួរបានយ៉ាងល្អនៅពេលចូល Top 7។ ម្យ៉ាងវិញទៀតនោះ បើនិយាយពីសមត្ថភាពក្នុងវិស័យសិល្បៈ គឺ ផេនខេក មានទាំងព្រម ពិតជាស័ក្ដិសមនឹងតំណែងមួយនេះពិតមែន៕