បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជិត ៦ ឆ្នាំមកហើយ ដែលសិល្បករ សិល្បការិនីវ័យក្មេង គឺនាយព្រែក កូនប្រុសតារាជើងចាស់ យាយយ៉យ និង កញ្ញា ឈិន មុន្នីនាថ កូនស្រីតារាចម្រៀងរៀមច្បង លោក ឈិន កុសល បានចងចំណងស្នេហ៍នឹងគ្នា។
ក្រោយសាងចំណងស្នេហ៍ប្រមាណជិត ៦ ឆ្នាំ ដើម្បីមើលចិត្តថ្លើមគ្នា តាមការណែនាំរបស់គ្រួសារ ចាស់ទុំហើយនោះ ពេលនេះ នាយព្រែក និង កញ្ញា ឈិន មុន្នីនាថ បានសម្រេចជោគជ័យក្នុងជីវិតគូហើយ ក្រោយឆ្លងឧបសគ្គជាច្រើន មិនថាតែរឿងល្អ និង រឿងអាក្រក់ ដោយថ្មីៗនេះ ខាងប្រុសបានលុតជង្គង់សុំខាងស្រីរៀបការជាផ្លូវការហើយ។ ក្នុងនោះដែរ ពិធីមង្គលការរបស់តារាប្រុសស្រីមួយគូនេះ នឹងរៀបចំឡើងនៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២៥ ខាងមុខនេះ។
យ៉ាងណាមិញ ក្រោយប្រកាសថ្ងៃពិសេសច្បាស់លាស់ និង ទទួលបានការអបអរពីសំណាក់មិត្តភក្តិ ក្រុមគ្រួសារ និង អ្នកគាំទ្រហើយ អនាគតគូស្វាមីភរិយាមួយគូនេះក៏មិនបង្អង់យូរដែរ ដោយ នាយព្រែក និង កញ្ញា ឈិន មុន្នីនាថ បានដឹកដៃគ្នាទៅថត Pre-Wedding ហើយ។ ក្នុងនោះ បើទោះជារូបភាពស្ថិតនៅក្នុង Outdoor ដោយអនាគតកូនកំលោះបានស្លៀកនូវឈុតអាវធំពណ៌ខ្មៅ រីឯអនាគតកូនក្រមុំ បានគ្រងនូវរ៉ូបកូនក្រមុំពណ៌សយ៉ាងស្រស់ស្អាតចែងចាំង ស័ក្តិសមនឹងសម្រស់ដ៏ស្រស់សោភារបស់កញ្ញា ឈិន មុន្នីនាថ យ៉ាងខ្លាំង៕