គិតមកដល់ពេលនេះ ជិត ១ ខែហើយ ដែលកម្មវិធី Miss Universe Cambodia បានរកឃើញនូវរាជិនីម្ចាស់មកុដថ្មី MUC 2025 ដែលបានទៅលើបវរកញ្ញាពេញដោយសមត្ថភាព រូបសម្រស់ និង ចំណេះដឹង គឺអ្នកនាង ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ដែលនាងនឹងត្រៀមខ្លួនតំណាងឱ្យកម្ពុជា ដើម្បីចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Universe លើកទី ៧៤ ឆ្នាំ ២០២៥ នេះ។
ចំពោះដំណើរការប្រកួតកម្មវិធីអន្តរជាតិ Miss Universe លើកទី ៧៤ នេះដែរ ត្រូវបានប្រកាសជាផ្លូវការថា នឹងរៀបចំធ្វើឡើងនៅឯប្រទេសថៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខ។
ងាកមកមើលម្ចាស់មកុដ Miss Universe Cambodia 2025 អ្នកនាង ហ្វីយ៉ាតា ចាប់តាំងពីគ្រងមកុដដ៏អស្ចារ្យនេះ ឃើញថាអ្នកនាងបានបង្ហាញការត្រៀមខ្លួនហ្វឹកហាត់យ៉ាងស្វាហាប់ ដ្បិតតែមិនទាន់មានការសម្រេចចិត្តច្បាស់ក្នុងដំណើរឆ្ពោះទៅប្រកួតលើឆាកអន្តរជាតិនេះ ខណៈមហាជនអ្នកគាំទ្រកម្ពុជាមានទាំងការគាំទ្រលើកទឹកចិត្ត និង ក្ដីបារម្ភពីសុវត្ថិភាពរបស់នាងក្នុងការតំណាងកម្ពុជាទៅប្រកួតលើទឹកដីប្រទេសថៃនោះ។
ដោយឡែក មកដល់ថ្មីៗនេះ ខណៈសល់តែជាង ១ ខែទៀតកម្មវិធីនឹងចាប់ផ្ដើមប្រកួត ក៏ឃើញហ្វេសប៊ុករបស់បវរកញ្ញា ហ្វីយ៉ាតា បានបង្ហាញឱ្យដឹងថា នាងនឹងសម្រេចចិត្តជាផ្លូវការក្នុងការតំណាងប្រទេសចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Universe នៅឯប្រទេសថៃ។
ក្នុងនោះ អ្នកនាង ហ្វីយ៉ាតា បានបង្ហោះរៀបរាប់ថា ៖ «24 days more to go till……I hope everything is going well GOODNIGHT SWEET UNIVERSE.»។ លើសពីនេះ អ្នកនាង ក៏បានបង្ហាញការតាំងចិត្តយ៉ាងមោះមុតទៀតថា ៖ «គ្មានអ្វីអាចបញ្ឈប់ខ្ញុំបានទេ ខ្ញុំដើរឆ្លងកាត់ព្យុះភ្លៀងមកជាច្រើនហើយ តែខ្ញុំនៅតែអាចឈរធ្វើជាម្លប់សម្រាប់ខ្លួនឯង»៕