ពិតជាគួរឱ្យហួសចិត្តចំពោះករណីមួយនៅប្រទេសថៃ ដែលកូនប្រុសម្នាក់បានរៀបចំបុណ្យសពឱ្យម្តាយ ផ្អើលអ្នកភូមិមកចូលបុណ្យ ដល់បើកមឈូសមើលឃើញតែដើមចេក តាមពិតគេបែកគំនិតធ្វើបែបនេះព្រោះតែចង់បានលុយយកទៅរៀនត។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅស្រុក Ban Dung ខេត្ត Udon Thani ដោយកូនប្រុសខាងលើនេះមានវ័យ ១៨ ឆ្នាំ បានរៀបចំធ្វើបុណ្យសពឱ្យម្តាយនៅផ្ទះ ដោយមានរៀបចំមឈូសតម្កល់លើផ្ទះផងដែរ។ យ៉ាងណាមិញ ខាងមេភូមិក៏បានចុះមកមើល ព្រោះមានគ្រូនៅសាលារបស់ក្មេងប្រុសខាងលើនេះ បានខលមកប្រាប់ថាម្តាយគេបានស្លាប់នៅឯក្រុងបាងកក ហើយយកមកធ្វើបុណ្យនៅទីនេះ។ មេភូមិហាក់ដូចជាមានការសង្ស័យ ទើបបានបើកមឈូសមើល ស្រាប់តែឃើញថាគ្មានសពឡើយ មានតែដើមចេកមួយដើមប៉ុណ្ណោះ ដែលធ្វើឱ្យមានការហួសចិត្តជាខ្លាំង។
ដោយឡែក ក្មេងប្រុសរូបនេះបានសារភាពថា ម្តាយមានរាសីមិនល្អ ទើបចាត់ពិធីបុណ្យសពដើម្បីលើករាសីឱ្យម្តាយ ហើយម្យ៉ាងទៀតក៏ចង់បានលុយទៅរៀនបន្តនៅឯសកលវិទ្យាល័យផងដែរ។ យ៉ាងណាមិញ ក្រោយពីកើតហេតុក្មេងប្រុសខាងលើនេះបានគេចទៅបួស រីឯអ្នកស្រុកក៏បានហៅតាយាយរបស់គេមកណែនាំ ព្រោះគិតថារឿងនេះជារឿងអពមង្គលដល់ភូមិស្រុក៕
ប្រភព៖ Khaosod