មានករណីដ៏គួរឱ្យរន្ធត់មួយនៅប្រទេសថៃ ដែលមានស្រ្តីម្នាក់ កូនប្រុសបែកថ្នាំអុកឡុកធ្វើបាប ខំខលទៅប្រាប់ប៉ូលិស តែប៉ូលិសប្រាប់ថាមិនទាន់បង្កហេតុ ធ្វើអ្វីមិនកើត លុះចុងក្រោយកូនប្រុសដុតផ្ទះចោលខ្ទេច ថែមទាំងចង់អូសម្តាយចូលភ្លើងទៀត។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះបានកើតឡើងកាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅនៅឯខេត្ត Ubon Ratchathani ។ ក្នុងនោះ ស្រ្តីជាម្តាយមានវ័យ ៦០ ឆ្នាំ ត្រូវកូនប្រុសអាយុ ៣២ ឆ្នាំ ដែលមានអាការបែកថ្នាំប៉ុនប៉ងធ្វើបាប ទើបប្រញាប់ខលទៅប្រាប់ប៉ូលិសក្នុងតំបន់ឱ្យចុះមកជួយ តែខាងប៉ូលិសតបមកវិញថា កូនប្រុសមិនទាន់បង្កហេតុ ដូច្នេះហើយចុះអន្តរាគមន៍មិនបានទេ។
លុះមិនយូរប៉ុន្មាន ខណៈស្រ្តីជាម្តាយកំពុងដេក ស្រាប់តែកូនប្រុសដុតដបសាំងឆេះសន្ធោសន្ធៅ រួចយកមកគប់ដាក់ម្តាយ តែម្តាយគេចទាន់ ឯភ្លើងក៏រាលដាលឆេះពេញផ្ទះ ហើយកូនប្រុសក៏ព្យាយាមអូសម្តាយចូលក្នុងភ្លើងទៀត។ យ៉ាងណាមិញ ស្រ្តីជាម្តាយព្យាយាមរត់គេចបានសម្រេច ចំណែកកូនប្រុសក៏ចាក់សាំងដុតផ្ទះបន្ថែម ហើយថែមទាំងអុកឡុកហាមមិនឱ្យអ្នកស្រុកជួយពន្លត់ ទើបចុងក្រោយក៏ត្រូវប៉ូលិសមកចាប់ខ្លួនបានសម្រេច៕
ប្រភព៖ Khaosod