មួយរយៈក្រោយនេះ យុវវ័យកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងនឹងក្រុមបុរសថ្មីមួយ មានសមាជិក ៣ នាក់ ដែលម្នាក់ៗសុទ្ធតែសង្ហា កម្ពស់ខ្ពស់ស្រឡះ បច្ចុប្បន្នកំពុងមានទីផ្សារខ្លាំងនៅក្នុងវិស័យសិល្បៈ។

ក្រុមនេះត្រូវបានគេស្គាល់ឈ្មោះថា The ThreeX មានសមាជិក ៣ នាក់ គឺ ម៉េងហួត, Key និង កន។ បើតាមទំព័រហ្វេសប៊ុករបស់ The ThreeX ក្រុមនេះ ទើបបានប្រកាសបង្ហាញជាក្រុមផ្លូវការ កាលពីថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៥ ខណៈដែលសមាជិកម្នាក់ៗសុទ្ធតែអ្នកមានបទពិសោធនៅក្នុងវិស័យសិល្បៈ។


តាមរយៈ The ThreeX ពួកគេជាអ្នកសម្តែង ម៉ូឌែល និង បង្កើតមាតិកា។ ក្រុមនេះបង្កើតឡើងដោយមានចក្ខុវិស័យរួមគ្នាតែមួយ ហើយគោលបំណងរបស់ពួកគេ គឺចង់ចែករំលែកភាពសប្បាយរីករាយ ការរស់នៅប្រចាំថ្ងៃ និង លើកកម្ពស់ទស្សនៈវិស័យដល់ទស្សនិកជន។
ខាងក្រោមនេះ ជាលក្ខណៈសម្បត្តិរបស់សមាជិកទាំង ៣៖

១. សមាជិក ម៉េងហួត (Menghout)
មានឈ្មោះពេញ ខេង ម៉េងហួត លោក មានកម្ពស់ ១, ៨៣ ម៉ែត្រ និង ទម្ងន់ ៧៥ គ.ក។ លោកជាអ្នកសម្តែង ដែលមានភាពរស់រវើក និង ងប់ងុលម្នាក់ ដែលធ្វើឱ្យតួអង្គមានជីវិតប្រកបដោយថាមពល និង មន្តស្នេហ៍។ ទាំងក្នុង និង ក្រៅកាមេរ៉ា បុគ្គលិកលក្ខណៈរួសរាយ និង ងាយសម្របរបស់លោក បានធ្វើឱ្យគ្រប់ការងារ រាប់តាំងពីការថតខ្សែភាពយន្ត រហូតដល់វីដេអូសប្បាយៗ មានអារម្មណ៍ហាក់ពិតៗ និង រីករាយ។



២. សមាជិក កន (Korn)
មានឈ្មោះពេញ គៀង តាំងកន លោកមានកម្ពស់ ១,៩០ ម៉ែត្រ និង ទម្ងន់ ៧៥ គ.ក។ កន ជាតារាសម្តែង ដែលមានភាពប៉ិនប្រសប់ជាមួយចំណង់ចំណូលចិត្តលើ storytelling, visual aesthetics និង ភាពកំប្លែងសប្បាយ ដែលជាបុគ្គលិកលក្ខណៈពីធម្មជាតិរបស់លោក។ ជាមួយបទពិសោធនៅក្នុងការថតស្ពតពាណិជ្ជកម្ម សម្តែងរឿងខ្លី ថតផ្សព្វផ្សាយផ្សេងៗ និង ការបង្កើតមាតិកាជាដើម កន បានច្របាច់បញ្ចូលនូវទេពកោសល្យ ភាពច្នៃប្រឌិត និង មន្តស្នេហ៍របស់លោក ដែលផ្តល់នូវការសម្តែងដ៏ទាក់ទាញ និង គួរឱ្យចាប់អារម្មណ៍។



៣. សមាជិក Key ឬ ឃាង
Key ឬ ឃាង ដែលមានឈ្មោះពេញ សោ ហុកឃាង មានកម្ពស់ ១,៨៤ ម៉ែត្រ ទម្ងន់ ៧៥ គ.ក។ Key គឺសមាជិក ដែលមានស្ទីលច្នៃប្រឌិតទាន់សម័យ និង ទេពកោសល្យខ្ពស់។ ជាម៉ូឌែល ជាអ្នកពូកែខាងគំនិតម៉ូដ និង visual content creator លោកបានដាក់បញ្ចូលគ្នារវាងភាពឆើតឆាយ និង វិន័យ ដែលរមែងសម្រិតសម្រាំង និង ផ្តោតខ្លាំងបំផុត។ នេះហើយជាអ្វី ដែលលោកតែងបង្ហាញទំនុកចិត្ត ដែលធ្វើឱ្យលោកលេចធ្លោ៕



