ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់អ្នកគ្រូ ណាលី ហើយ ដែលអ្នកគ្រូគឺជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រដ៏មានប្រជាប្រិយភាពមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញ តាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយ បែបវិទ្យាសាស្ត្រនៅក្នុងជីវិតរស់នៅ ក៏ដូចជាការណែនាំពីការរៀបចំពិធីនានា ឱ្យបានត្រឹមត្រូវតាមក្បួនហុងស៊ុយ។
នាពេលថ្មីៗនេះផងដែរ តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់អ្នកគ្រូ ដែលមានឈ្មោះ Master Naly Fengshui បានចែករំលែក ក៏ដូចជាណែនាំទៅដល់អ្នកដែលមានជំនឿទៅលើក្បួនហុងស៊ុយ អំពីបញ្ហាដ៏សាមញ្ញតូចមួយ តែអាចនាំឱ្យសមាជិកគ្រួសារមិនស្វាហាប់ កូនចៅខ្ជិលមិនស្តាប់បង្គាប់ អារម្មណ៍មិនសូវល្អ មួម៉ៅច្រើន ដែលកត្តានេះគឺពាក់ព័ន្ធជាមួយនឹងផ្ទះដែលមានលក្ខណៈងងឹតតែម្ដង។
ជាក់ស្ដែងអ្នកគ្រូបានបញ្ជាក់ដូច្នេះថា ៖ «ផ្ទះងងឹត ធ្វើឱ្យសមាជិកនៅក្នុងគ្រួសារមិនមានភាពស្វាហាប់ ងងុយគេងមិនចង់ធ្វើការ កូនចៅខ្ជិល មិនស្តាប់បង្គាប់ អារម្មណ៍មិនសូវល្អ មួម៉ៅច្រើន ពិបាកជោគជ័យ»។ បន្ថែមលើសពីនេះ ផ្ទះដែលមានក្លិនមិនល្អ ហប់ខ្យល់ហើយក្តៅ ផលប៉ះពាល់ងាយនឹងមានបញ្ហាសុខភាពផ្នែកច្រមុះ សួត បេះដូង ការចងចាំធ្លាក់ចុះ មិនសូវរីកចម្រើន អារម្មណ៍មួម៉ៅច្រើន មិនចង់នៅផ្ទះ ទំនាក់ទំនងមិនល្អ៕
ប្រភព ៖ Master Naly Fengshui