នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានចេញសេចក្តីអំពាវនាវ ក្នុងឱកាសថ្ងៃ ១៤ កុម្ភៈ ទិវានៃក្ដីស្រឡាញ់ ដោយប្រើប្រាស់ទិវានេះឱ្យស្របតាមគន្លងប្រពៃណីដ៏ល្អត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និង ភាពថ្លៃថ្នូររបស់បុគ្គលផ្ទាល់ខ្លួន របស់ក្រុមគ្រួសារ ពិសេសចូលរួមថែរក្សាបាននូវអត្តសញ្ញាណជាតិ ដែលកូនខ្មែរគ្រប់ៗរូបមានកាតព្វកិច្ចថែរក្សាការពារ។
ក្រសួងបានឱ្យដឹងថា នាពេលកន្លងមកទោះជាមានការពន្យល់ណែនាំ អំពាវនាវ ក៏នៅសង្កេតឃើញមានសកម្មភាពមួយចំនួនតូចដែលត្រូវបានសង្គមវាយតម្លៃថាមិនគួរកើតមាន ដោយសកម្មភាពទាំងនោះផ្តល់ផលអវិជ្ជមានដល់បុគ្គលផ្ទាល់ផង និង ដល់តម្លៃប្រពៃណី ទំនៀមទម្លាប់ អត្តសញ្ញាណជាតិផង។
ដូច្នេះហើយ ក្រសួងយល់ថា ការសិក្សាស្វែងយល់ឱ្យច្បាស់អំពីឫសគល់ និង ប្រភពនៃទិវានេះ គឺជាភាពចាំបាច់ ដើម្បីចៀសវាងការអនុវត្តខុស និង ការបង្កនូវរូបភាព និង បរិយាកាសសង្គមថ្មី ដែលខុសពីចរិតលក្ខណៈដើម នៃសង្គមកម្ពុជាយើង ជាពិសេសសកម្មភាពជ្រួលជ្រើមហួសហេតុប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ដល់សីលធម៌ កិត្តិយស និង សេចក្តីថ្លៃថ្នូរដល់បុគ្គលខ្លួនឯង និង អ្នកដទៃ ព្រមទាំងសកម្មភាពទាំងឡាយដែលបង្កផលប៉ះពាល់រយៈ ពេលវែងដល់អនាគតនៃបុគ្គលដែលបានប្រព្រឹត្តខុសគន្លង។
បន្ថែមលើសពីនេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានឱ្យដឹងថា ទិវានៃក្តីស្រឡាញ់នៅកម្ពុជា គួរជាឱកាសមួយក្នុងការបង្ហាញអារម្មណ៍មនោសញ្ចេតនា និង កាយវិការចែករំលែក ធានានូវក្តីស្រឡាញ់ប្រកបដោយភាពថ្លៃថ្នូរ ស្មោះសរបរិសុទ្ធ ចំពោះមនុស្សជាទីស្រឡាញ់នៅជុំវិញខ្លួនយើងជាអាទិ៍ ៖ ក្រុមគ្រួសារ ឪពុកម្តាយ ប្តីប្រពន្ធ កូនចៅ ញាតិមិត្ត និង គួរតែជាកាយវិការចែករំលែកទៅដល់ ជនពិការ កុមារកំព្រា និង អ្នកដែលស្ថិតក្នុងស្ថានភាពលំបាកផ្សេងទៀត ក្រោមរូបភាពសរសេរលិខិតជូនពរ ការជូនអំណោយផ្សេងៗ ការសំណេះសំណាល ឬ ការទទួលទានអាហាររួមគ្នា ដោយក្តីសោមនស្ស និង ការបន្សល់ទុកអនុស្សាវរីយ៍ល្អៗ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖