ក្រោយពីលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តអស់រយៈពេល ១៩ ថ្ងៃ នៃដំណើរថ្មើរជើងក្នុងព្រឹត្តិការណ៍សប្បុរធម៌ក្រោមប្រធានបទ «ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍» របស់បវរកញ្ញា កុយ អេនណា ពីភ្នំពេញទៅកាន់ខេត្តសៀមរាប ដើម្បីធ្វើមូលនិធិសប្បុរសធម៌ និង ចូលរួមផ្សព្វផ្សាយពីការធ្វើដំណើរទេសចរណ៍នោះ បវរកញ្ញារូបនេះ បានធ្វើឱ្យប្រជាជនកម្ពុជា និង អន្តរជាតិបានកោតសរសើរយ៉ាងខ្លាំងនៃឆន្ទៈរបស់នាង។
ក្រោយពីបានបំពេញបេសកកម្មដ៏ធំនេះយ៉ាងជោគជ័យ មូលនិធិ «ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍» របស់កញ្ញា កុយ អេនណា បានប្រមូលថវិកាបានថវិកាសរុបជាង ១០ ម៉ឺនដុល្លារ និង ដកយកថវិកា ១៥ ០០០ ដុល្លារ ប្រគល់ជូនសមាគមតន្រ្តីសំនៀងជនពិការរួចរាល់ហើយដែរ។
ដោយឡែក កាលពីពេលថ្មីៗនេះ កញ្ញា កុយ អេនណា ត្រូវបានក្រសួងកិច្ចការនារី បានតែងតាំងកញ្ញា ធ្វើជាទូតសុឆន្ទៈថ្មី ធ្វើឱ្យអ្នកគាំទ្របានបង្ហាញការអបអរ និង រំភើបចិត្តយ៉ាងខ្លាំង ខណៈតំណែងនេះ ពិតជាស័ក្តិសមសម្រាប់ការលះបង់របស់នាង។
ក្នុងនោះ បន្ទាប់ពីទទួលបានតំណែងទូតសុឆន្ទៈក្រសួងកិច្ចការនារី កញ្ញា កុយ អេនណា ក៏បានបង្ហាញអារម្មណ៍យ៉ាងមោទកភាពថា៖ «នាងខ្ញុំ មានមោទកភាព ដែលត្រូវបានតែងតាំងក្នុងតំណែង ជាទូតសុឆន្ទៈថ្មីរបស់ ក្រសួងកិច្ចការនារី ពីសំណាក់លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដើម្បីលើកកម្ពស់តម្លៃស្ត្រី ភាពជាគម្រូ និង ស្នាដៃរបស់ស្ត្រី ដែលមានសក្តានុពលក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ»៕