នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាវ និង រៀបចំទទួលនូវអំណោយគ្រប់ប្រភេទដូចជា ថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យ ដើម្បីយកទៅចែកជូនដល់វីរកង ទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំង នឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀស ខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា ក្នុងខេត្តព្រះវិហារ និង ខេត្តឧត្តរមានជ័យ។
ការអំពាវនាវនេះផងដែរ ធ្វើឡើងក្នុងបុព្វហេតុមនុស្សធម៌ដើម្បីចូលរួមគាំទ្រ និង លើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី តតាំងជាមួយសត្រូវឈ្លានពានមកលើដែន អធិបតេយ្យភាពរបស់កម្ពុជា។
ចំពោះអំណោយទាំងអស់ សូមមេត្តាយកមកប្រគល់ជូននៅសាលារាជធានីភ្នំពេញ អគារលេខ៦៩ មហាវិថី ព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រៀងរាល់ថ្ងៃ ឬបង្វែរតាមគណនីធនាគារ ABA របស់ រដ្ឋបាលរាជធានីភ្នំពេញ៖ PHNOM PENH CAPITAL HALL លេខ៖ 599 778 899 (KHR) និងលេខ៖ 399 778 899 (USD)៕