កាលពីមុន គេរកឃើញថាមានតែអ្នកមានគូឬរៀបការប៉ុណ្ណោះ ទើបមានសុខភាពផ្លូវចិត្តល្អ។ វាមិនខុសនោះទេ បើតាមការស្រាវជ្រាវរបស់អាមេរិកកាលពីឆ្នាំ ២០១៩ អ្នកមានគូ ឬ រៀបការអាចជៀសឆ្ងាយពីជំងឺវង្វេង ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និង រស់នៅបានយូរ ខណៈដែលអ្នកខ្លួនមួយ ឬ នៅលីវ ងាយប្រឈមបញ្ហាទាំងនេះបំផុត។
យ៉ាងណាមិញ អ្វីៗបានប្រែប្រួលផ្ទុយគ្នាស្រឡះ ដូចជាក់ស្តែង អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យរដ្ឋផ្លរីដា (Florida State University) បានរកឃើញថ្មីៗថា អ្នកដែលរៀបការមានការប្រឈមខ្ពស់ទាំងជំងឺវង្វេង ជំងឺបេះដូង និង ជំងឺដាច់សរសៃឈាមខួរក្បាល ចំណែកអ្នកនៅលីវ ឬ មិនទាន់រៀបការ បែរជាមានភាគរយប្រឈមវាទាបបំផុត ហើយរស់បានយូរទៅវិញ។
អ្នកស្រាវជ្រាវបានធ្វើការវិភាគទិន្នន័យពីជនជាតិអាមេរិកជាង ២៤០០០ នាក់ ដោយអ្នកយកមកតាមដាន មានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ ក្រុមស្រាវជ្រាវបានប្រៀបធៀបអត្រាជំងឺវង្វេងក្នុងក្រុមចម្រុះមាន៖ អ្នករៀបការ, អ្នកលែងលះ អ្នកមេម៉ាយ/ពោះម៉ាយ និង អ្នកមិនទាន់រៀបការ។
ដំបូងឡើយ វាមើលទៅហាក់ដូចជាក្រុម អ្នកលែងលះ អ្នកមេម៉ាយ/ពោះម៉ាយ និង អ្នកមិនទាន់រៀបការ មានការថយចុះហានិភ័យនៃជំងឺវង្វេង បើធៀបនឹងក្រុមអ្នកដែលរៀបការកំពុងរួមរស់ជាមួយគ្នា។ ប៉ុន្តែបន្ទាប់ពីគណនាកត្តាផ្សេងទៀត ដែលអាចមានឥទ្ធិពលលើលទ្ធផលដូចជាការជក់បារី និង ជំងឺធ្លាក់ទឹកចិត្ត គឺមានតែអ្នកដែលលែងលះ និង អ្នកមិនទាន់រៀបការ មិនងាយប្រឈមឬប្រឈមតិចបំផុតនឹងជំងឺវង្វេង៕
ប្រភព៖ NDTVWORLD