ជាការពិតណាស់ មរណភាពរបស់តារាប្រុស លោក អ៊ុន សិទ្ធា មិនមែនត្រឹមតែធ្វើឱ្យក្រុមគ្រួសារ និង មិត្តទាំងក្នុង-ក្រៅសិល្បៈមានការសោកសៅនោះ ពោលគឺសូម្បីតែមហាជនក៏បានបង្ហាញការចូលរួមសោកស្តាយចំពោះការបាត់បង់ធនធានសិល្បៈមួយរូបនេះផងដែរ។

ដំណឹងមរណភាពរបស់លោក អ៊ុន សិទ្ធា កាលពីល្ងាចថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ បានបន្សល់ទុកនៅការមិនអស់ចិត្ត និង ភាពអាឡោះអាល័យយ៉ាងពន់ពេក ខណៈលោក អ៊ុន សិទ្ធា មិនដែលបង្ហើបពីស្ថានភាពជំងឺរបស់ខ្លួនម្តងណាឡើយទៅកាន់មហាជន សូម្បីតែមិត្តភក្តិរួមអាជីព ដែលការនេះបានធ្វើមហាជន និង អ្នកសិល្បៈស្ទើរតែមិនជឿ និង ទទួលយកបាន។

គួររំឭកថា លោក អ៊ុន សិទ្ធា បានចាប់ផ្តើមចូលប្រឡូកវិស័យសិល្បៈដំបូងតាមរយៈការប្រកួតសម្រស់ក្នុងកម្មវិធី «ស្រីស្រស់ ប្រុសស្អាត» របស់ស្ថានីយទូរទស្សន៍ CTN កាលពីអំឡុងឆ្នាំ ២០០៦ ដោយលោកទទួលបានចំណាត់ថ្នាក់លេខ ១។ ក្រោយពីជាប់ក្នុងកម្មវិធីនេះ លោក អ៊ុន សិទ្ធា បានបន្តដំណើរលើវិថីសិល្បៈយ៉ាងជោគជ័យ ក្នុងនាមជាតារាសម្តែង ជាតារាបង្ហាញម៉ូដ និង ជាពិធីករថែមទៀតផង។

អ្វីដែលជាភាពលេចធ្លោខ្លាំងរបស់លោក អ៊ុន សិទ្ធា គឺលោកជាតារាប្រុសមួយរូប ដែលមានរូបរាង និង មុខមាត់បែបខ្មែរអង្គរ ដែលជាហេតុធ្វើឱ្យលោកត្រូវបានអ្នកដឹកនាំរឿងជាច្រើនជ្រើសរើសឱ្យចូលរួមសម្តែងជាតួអង្គសម័យបុរាណ ហើយការណ៍នេះបានធ្វើឱ្យរូបលោកទទួលបានពានរង្វាន់ជាច្រើន ទាំងក្នុង និង ក្រៅប្រទេសលើវិស័យភាពយន្ត។ មិនត្រឹមតែការសម្តែងប៉ុណ្ណោះទេ លោក អ៊ុន សិទ្ធា ក៏ជាតារាបង្ហាញម៉ូដដ៏ល្បីមួយរូបប្រចាំក្រុម Cambodia Super Model ផងដែរ។

យ៉ាងណាមិញ ក្រោយកសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈអស់រយៈពេលជិត ២០ ឆ្នាំ អ្វីៗគ្រប់យ៉ាងក៏ត្រូវបានបញ្ចប់ ដោយបន្សល់ទុកត្រឹមជាការចងចាំ បន្ទាប់ពីលោក អ៊ុន សិទ្ធា បានចាកចេញដោយមិនបានលាមួយម៉ាត់សម្រាប់ក្រុមគ្រួសារ មិត្តភក្តិ និង អ្នកគាំទ្រ ព្រោះរោគាពាធនៅវ័យ ៤០ ឆ្នាំផ្លាយ កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ។

ការចាកចេញនេះដែរ បានធ្វើឱ្យផ្ទុះការរង្គោះរង្គើលើបណ្តាញសង្គមនានា ខណៈគ្រប់គ្នាមិននឹកស្មានដល់ ហើយបានលើកឡើងថាលឿនណាស់មិនអាចទទួលយកបាន។ ការបាត់បង់លោក អ៊ុន សិទ្ធា ត្រូវបានគេលើកឡើងជាការបាត់បង់ធនធានមនុស្សដ៏ល្អម្នាក់នៅក្នុងសង្គម ជាសិល្បករដ៏ល្អក្នុងវិថីសិល្បៈ និង ជាមនុស្សល្អសម្រាប់មនុស្សជុំវិញខ្លួនផងដែរ៕









