និយាយពីកញ្ញា សាន្ត កុសុមៈ ធីតាឯកសង្រ្កាន្ត ឆ្នាំ ២០២១ កន្លងមក មិនត្រឹមទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនជាមួយរូបសម្ផស្សដ៏ស្រស់ស្អាតទាក់ទាញរបស់នាងទេ តែស្រីស្រស់វ័យ ២៣ ឆ្នាំរូបនេះ ក៏ត្រូវបានមហាជនគាំទ្រខ្លាំង ខណៈនាងប្រឡូកចូលវិស័យសម្ដែងពោរពេញដោយសមត្ថភាព និង ទេពកោសល្យយ៉ាងប៉ិនប្រសប់។ លើសពីនោះ កុសុមៈ ក៏ទទួលបានការសរសើរខ្លាំង ក្រោយបានដឹងថានាងមានសមត្ថភាពអាចនិយាយបានរហូតទៅដល់ ៤ ភាសាបានយ៉ាងល្អ។
មកដល់ពេលនេះ ស្រីស្អាត កុសុមៈ ហាក់កាន់តែប្រមូលបានប្រជាប្រិយភាព និង មានសន្ទុះទីផ្សារខ្លាំងក្នុងវិស័យសិល្បៈ រីឯរូបសម្រស់របស់នាងវិញ ក៏កាន់តែទាក់យកបេះដូងរបស់អ្នកគាំទ្រខ្លាំងឡើង តាមរយៈការបញ្ចេញរូបភាពស្ទីលប្លែកៗយ៉ាងគួរឱ្យស្រឡាញ់លើបណ្ដាញសង្គម។
ស្របពេលប្រមូលបានប្រជាប្រិយភាព និង មានសន្ទុះទីផ្សារខ្លាំងក្នុងវិស័យសិល្បៈ អ្វីកាន់តែចាប់អារម្មណ៍សរសើរចំពោះកញ្ញា សាន្ត កុសុមៈ គឺនាងកំពុងក្លាយជាតារាស្រីវ័យក្មេងពហុជំនាញ ដែលមិនត្រឹមមានសមត្ថភាពក្នុងការសម្ដែង ជាពិធីការិនី ជាតារាម៉ូឌែល និង ជាធីតាឯកដ៏ស្រស់ស្អាតនោះទេ តែនាងក៏មានដុងផ្នែកវិស័យចម្រៀងមួយទៀត ដោយទឹកដមសំឡេងរបស់នាងពីរោះមិនធម្មតាដែរ។
លើសពីនេះ មួយរយៈក្រោយនេះ សាន្ត កុសុម៉ា កាន់តែមានឥទ្ធិពលខ្លាំងអាចវាយលុកលើទីផ្សារសិល្បៈនៅក្រៅប្រទេស ដែលតែងឃើញទទួលបានការអញ្ជើញចូលរួមកម្មវិធីរបស់ប្រ៊េនល្បីៗ និង កម្មវិធីដើរបង្ហាញម៉ូដផ្សេងៗផង។
ដោយឡែក ក្រៅពីជីវិតលើវិស័យសិល្បៈ ថ្មីៗនេះ ស្រីស្អាត សាន្ត កុសុមៈ បានធ្វើឱ្យមហាជនចាប់អារម្មណ៍ទាក់ទងនឹងការសិក្សារបស់នាងម្ដង ដោយដ្បិតតែមមាញឹកការងារសិល្បៈខ្លាំងមែន តែប៉ុន្មានឆ្នាំមកនេះ នាងក៏ឆ្លៀតបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញមួយ ដែលបានរៀនបញ្ចប់ដោយជោគជ័យ និង បានឃើញនាងទើបតែឡើងទទួលសញ្ញាបត្រ ក្រោមការអបអរសាទរពីមិត្តភក្តិ បងប្អូន និង មហាជនជាច្រើនផងដែរ៕