កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅនេះ មានករណីស្រ្តីជនជាតិចិនម្នាក់ បានបាត់បង់ជីវិត ក្រោយពីនាងបានមុជទឹកសមុទ្រជម្រៅ ៨៧ ម៉ែត្រ ដើម្បីទៅរើសកាមេរ៉ាដែលបានជ្រុះទៅ។

តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីរូបនេះមានវ័យ ៣០ ឆ្នាំ នាងបានទៅលេងកោះ Cagaban ក្នុងខេត្ត Kalimantan នាប្រទេសឥណ្ឌូនេស៊ី។ ក្នុងនោះ នាងបានចុះទៅមុជទឹកលេង ក៏ស្រាប់តែបានជ្រុះកាមេរ៉ា GoPro ចូលទៅក្នុងបាតសមុទ្រ នាងក៏ប្រញាប់មុជតាមទៅរើសដោយមិនគិតអ្វីឡើយ ហើយក៏ត្រូវខ្សែទឹកខាងក្រោមវាយប្រហារ ដែលធ្វើឱ្យនាងគ្រប់គ្រងខ្លួនមិនបាន រួចក៏បានបាត់សញ្ញាតែម្តង។

ក្រោយពីបានបាត់នាងយូរពេក ខាងអាជ្ញាធរក៏បានចុះទៅជួយ ដោយបានឱ្យអ្នកមុជទឹកជំនាញតាមរក ទាល់តែចុងក្រោយគេក៏បានឃើញនាងនៅក្នុងជម្រៅទឹកប្រមាណ ៨៧ ម៉ែត្រ រួចគេក៏បានសង្គ្រោះនាងមកលើគោក តែជាអកុសលនាងក៏បានបាត់បង់ជីវិតទៅហើយ។ លើសពីនេះ កាមេរ៉ា របស់នាងថតជាប់សកម្មភាពដែលនាងកំពុងតែត្រូវខ្សែទឹកវាយប្រហារទៀតផង ចំណែកសពរបស់នាងក៏ត្រូវបានអាជ្ញាធរបញ្ជូនទៅត្រួតពិនិត្យ និង ផ្តល់ដំណឹងទៅកាន់គ្រួសារផងដែរ៕


ប្រភព៖ Kapook