រយៈពេលជាង ១ ខែមកហើយ ដែលតារាចម្រៀងរ៉េប RuthKo បានចាកចេញគ្មានថ្ងៃត្រឡប់ ព្រោះតែគ្រោះថ្នាក់ចរាចរណ៍កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ។ ដ្បិតថាហេតុការណ៍កន្លងទៅជាង ១ ខែហើយ តែដូចជានៅថ្មីៗ ដោយសារក្រុមគ្រួសារ មិត្តភក្តិ និង អ្នកគាំទ្រនៅតែមិនអាចបំភ្លេចលោក RuthKo បាននៅឡើយ។
យ៉ាងណាមិញ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ផលិតកម្ម Klap Yahandz បានបញ្ចេញបទចម្រៀងមួយរបស់ RuthKo លោកបានផលិតឡើងមុនពេលលាចាកលោក ដែលជាស្នាដៃចុងក្រោយមិនទាន់បានបញ្ចេញ។
ក្នុងនោះដែរ អ្វីដែលកាន់តែក្តុកក្តួល អមនឹងការស្តាប់នូវអត្ថន័យនៃបទចម្រៀង Klab Yahandz បានអមនូវសារយ៉ាងវែងអន្លាយរៀបរាប់ពីក្តីស្រមៃរបស់ RuthKo កាលនៅមានជីវិតថា ៖ «RuthKo – រស់នៅឱ្យសប្បាយ (Live It Up)! ចេញទៅដោយមិនបានលា តែនេះជាបទ ដែលគាត់សរសេរចុងក្រោយបំផុតមុនគាត់ចេញទៅ។ គាត់មានគោលដៅតែមួយគត់ គឺផ្ដល់ភាពសប្បាយរីករាយដល់បងប្អូន ចង់ឃើញមនុស្សចេះស្រឡាញ់គ្នា ចង់ឱ្យមនុស្សរៀនរស់ដោយមានក្ដីសង្ឃឹម ឱ្យតម្លៃជីវិត និង អ្នកជុំវិញខ្លួន ចង់ឃើញប្រទេសជាតិអភិវឌ្ឍគ្រប់វិស័យ មិនដែលចង់បានអ្វីក្រៅពីភាពកក់ក្ដៅពីអ្នកជុំវិញខ្លួន។ ជាមនុស្សម្នាក់ដែលស្រឡាញ់ធម្មជាតិ និង សត្វព្រៃ ចូលចិត្តជីវិតបែបសាមញ្ញៗ ទោះបីពេលនេះគាត់មិននៅ ប៉ុន្តែគាត់បានបន្សល់ទុកអនុស្សាវរីយ៍ និង បទចម្រៀងជាច្រើន ដែលបានប៉ះដល់បេះដូងពួកយើងទាំងអស់គ្នា»៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖