នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ នេះ មហាជន ដែលតាមដានពីអាការរបស់កុមារា ឆលី ដែលដុះដុំសាច់ក្នុងខួរក្បាល ព្រមទាំងទទួលបានការវះកាត់យ៉ាងជោគជ័យទៅហើយ កាលពី ២ ខែកន្លះមុន បែរជាមកជួបរឿងមិនអាចទទួលយកបាន ខណៈដុំសាច់ខួរក្បាលនៅកន្លែងដដែលដុះឡើងវិញ។ លើសពីនោះ អ្វីកាន់តែរន្ធត់ គ្រូពេទ្យប្រចាំរបស់ ឆលី បញ្ជាក់ថា ឆលី មិនអាចបន្តការព្យាបាលទៀតបានទេ បានត្រឹមប្រើប្រាស់ថ្នាំដើម្បីរក្សាពេលវេលារស់នៅជាមួយគ្រួសារ និង បងប្អូនមួយរយៈពេលប៉ុណ្ណោះ។
ក្នុងនោះដែរ ក្រោយទទួលដំណឹងរបស់កូនប្រុសដ៏អព័ភ្វហើយនោះ តាមរយៈផេកផ្លូវការរបស់ ឆលី បានបង្ហោះសារបង្ហាញអារម្មណ៍យ៉ាងក្តុកក្តួល ធ្វើឱ្យមហាជនមិនអាចទប់ទឹកភ្នែកបាននោះឡើយ ខណៈកូនប្រុសបណ្តូលចិត្ត ប្រឹងប្រែងតស៊ូអស់ជាច្រើនឆ្នាំ តែទីបំផុតមិនអាចឆ្លងផុតគ្រោះកាចនេះបាន។
ក្រៅពីដំណឹងដ៏ក្ដុកក្ដួលជូនដល់ជនរួមជាតិ តំណាងឱ្យគ្រួសាររបស់អូនតូច ឆលី បានបង្ហោះរៀបរាប់បន្ថែមថា៖ «ក្នុងនាមជាគ្រួសារ មានតែពាក្យថាសោកស្ដាយពេលដែលបានឮដំណឹងមួយនោះ។ អរគុណបងប្អូនជនរួមជាតិខ្មែរទាំងអស់ នៅស្រឡាញ់ចូលចិត្តប្អូនប្រុសរបស់ខ្ញុំ ឆលី»៕