កាលពីពេលថ្មីៗកន្លងទៅ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រ និង មិត្តក្នុងសិល្បៈមានការចាប់អារម្មណ៍យ៉ាងខ្លាំងនូវសារមួយរបស់អ្នកនាង យក់ ថិតរដ្ឋា ដែលបានបង្ហោះឡើងកាលពីអំឡុងខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ ថាមានសិស្សប្អូនម្នាក់ព្រហើន ឆ្មើងឆ្មៃ និង ប្រើពាក្យមិនសមរម្យចំពោះខ្លួន។

ក្នុងនោះដែរ សារខាងលើក៏ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូលទៅបញ្ចេញមតិ និង លើកឡើងថាអាចជាតារាចម្រៀង រ៉ាប៊ី ក៏ថា។ យ៉ាងណាមិញ ក្រោយត្រូវបានគេចោទថាខ្លួន ជាសិស្សប្អូនជំនាន់ក្រោយហ៊ានព្រហើននឹងសិស្សច្បង ស្រាប់តែអ្នកនាង រ៉ាប៊ី ក៏សុំឱ្យកម្មវិធី 3 Fun អញ្ជើញអ្នកនាង យក់ ថិតរដ្ឋា បានជួបគ្នាដោយផ្ទាល់។


ក្រោយបានជួបតទល់គ្នាហើយនោះ អ្នកនាង រ៉ាប៊ី ក៏មិនបង្អង់ ក៏សាកសួរទៅកាន់សិស្សច្បង យក់ ថិតរដ្ឋា ភ្លាមថា ៖ «តើ Status ដែលរៀមច្បងបង្ហោះនោះ ចង់ថាឱ្យនាងឬអ្នកណា?»។ ជាក់ស្តែង អ្នកនាង យក់ ថិតរដ្ឋា ក៏ឆ្លើយតបថា ៖ «មានថាឱ្យ រ៉ាប៊ី ឯណា! គឺថាឱ្យអ្នកផ្សេងទេ!»។ យ៉ាងណាមិញ ក្រោយទទួលបានចម្លើយយ៉ាងច្បាស់នោះហើយ អ្នកនាង រ៉ាប៊ី ក៏បានផ្តាំផ្ញើទៅអ្នកបញ្ចេញមតិថាសិស្សប្អូនឆ្មើងឆ្មៃនោះជារូបនាង សូមបញ្ឈប់ការយល់ច្រឡំទៀតទៅ។

យ៉ាងណាមិញ ក្រោយការបញ្ជាក់ច្បាស់ៗថា មិនមែនជា កញ្ញា រ៉ាប៊ី ហើយនោះ រឿងខាងលើនេះ ក៏មិនទាន់ស្ងប់ស្ងាត់នោះដែរ ដោយអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបន្តវែកញែក បញ្ចេញមតិ និង លើកឈ្មោះតារានេះ តារានោះមកជាហូរហែ៕







